(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រោះមហន្តរាយ នៅរសៀលថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២២ បន្តចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ។

របាយការណ៍ខេត្ត បានឱ្យដឹងថា ក្រុង-ស្រុកចំនួន៥ នៅក្នុងខេត្តបន្ទាយមានជ័យ កំពុងជួបបញ្ហាគ្រោះទឹកជំនន់។ ក្នុងនោះប៉ះពាល់ប្រជាពលរដ្ឋជាង ៧ពាន់គ្រួសារ។

ក្រុង-ស្រុកទាំង៥ កំពុងជួបគ្រោះទឹកជំនន់នោះរួមមាន មានស្រុកសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ។

របាយការណ៍បានបន្តថា ទឹកជំនន់នេះ ប៉ះពាល់ពលរដ្ឋសរុបចំនួន ៧,៤៩១គ្រួសារ ស្មើនឹងប្រមាណ ៣៣,០០០នាក់ និងបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ២៩៧គ្រួសារ និងប៉ះពាល់ស្រូវជាង ២៦,០០០ហិកតា, ដំឡូងមីជាង ៩០០ហិកតា, វត្តអារាមចំនួន ២២, សាលារៀន៤១, មណ្ឌលសុខភាពចំនួន៣ និងផ្លូវចំនួន ២៧៣កន្លែង ស្មើនឹងប្រវែង ១៧២,២៣៣ម៉ែត្រ។

ក្នុងដំណើរចុះពិនិត្យស្ថានភាពលិចលង់នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើដំណើរដោយជិះទូកផង លុយទឹកផង ឆ្ពោះទៅកាន់លំនៅឋានប្រជាពលរដ្ឋរងការជន់លិច។ លោកទេសរដ្ឋមន្ត្រី ក៏បាននាំយកអំណោយស្បៀងអាហារជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅចែកជូនប្រជាពលរដ្ឋដែលរងការជន់លិចនោះផងដែរ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខជូនពលរដ្ឋរងគ្រោះទាំងអស់ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ក៏បានចូលរួមសម្តែងការសោកស្តាយចំពោះផលប៉ះពាល់ ក៏ដូចជាការខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់នាពេលនេះ។ បើទោះបីជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី បានជម្រាបប្រជាពលរដ្ឋថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យត្រៀមលក្ខណៈរួចហើយក្នុងការជួយពលរដ្ឋ ដើម្បីស្តារការខូចខាតឡើងវិញក្រោយពេលទឹកស្រកទៅវិញ។ អ្វីដែលត្រូវយកចិត្តទុកដាក់នៅពេលនេះ គឺត្រូវរក្សាសុខភាព រក្សាអាយុជីវិតពីគ្រោះទឹកជំនន់។

ក្នុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវត្រៀមជានិច្ច ក្នុងការចុះជួយសង្គ្រោះពលរដ្ឋពីគ្រោះទឹកជំនន់ រួមទាំងបញ្ជូនពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា៕