(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបន្ដដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងធ្វើអាជីវកម្មដែលសង្ស័យទទួលបញ្ចាំដោយខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌទួលគោក។ ក្នុងនោះក៏មានការចូលរួមពី លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងកម្លាំងសមត្ថកិច្ចជាច្រើនរូបទៀតផងដែរ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ឃ្លាំង ហួត បានឲ្យដឹងថា ប្រតិបត្តិការនៅថ្ងៃនេះកម្លាំងសមត្ថកិច្ចបានចុះពិនិត្យទីតាំងបញ្ចាំ ចំនួន៣កន្លែង នៅខណ្ឌទួលគោក ក្នុងនោះរួមមាន៖

*ទី១៖ ក្រោយអធិការនគរបាលខណ្ឌទួលគោក ឃ្លាំងមួយកន្លែង នៅតាមបណ្តោយផ្លូវ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដកហូតម៉ូតូចំនួន៤៥គ្រឿង
*ទី២៖ ហាងបញ្ចាំ ហុក រ៉ាស៉ីង ផ្ទះលេខ៣៥B ផ្លូវ១៩២ សង្កាត់ទឹល្អក់ទី៣ ខណ្ឌទួលគោក ដកហូតម៉ូតូចំនួន៧៣គ្រឿង និងហៅម្ចាស់ទីតាំងទៅធ្វេីការសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
*ទី៣៖ ឃ្លាំងស្តុកទុកម៉ូតូមួយកន្លែង ផ្លូវ១៩២ សង្កាត់ទឹល្អក់ទី៣ ខណ្ឌទួលគោក ដកហូតម៉ូតូចំនួន២២គ្រឿង។

លោក ឃ្លាំង ហួត បានចាត់ទុកថា បញ្ហាកុងស៊ីបញ្ចាំខុសច្បាប់ជាប្រភពនាំឱ្យមានបទល្មើស និងប៉ះពាល់ដល់ជីវភាពប្រជាជនមានចំណូលទាប។ លោកថា «បេសកកម្មបង្រ្កាបល្បែងស៊ីសងខុសច្បាប់ កុងស៊ីបញ្ចាំខុសច្បាប់ ជាភារកិច្ចអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធត្រូវអនុវត្តដោយការទទួលខុសត្រូវខ្ពស់។ ការមិនចូលរួមមិនអើពើរបស់មន្ត្រី កងកម្លាំងមានសមត្ថកិច្ចដែលពាក់ព័ន្ធ គឺស្មើនឹងមើលងាយបទបញ្ជាថ្នាក់ដឹកនាំ មើលងាយប្រជាជនស្លូតត្រង់។ ទីតាំងឃ្លាំងរំសេវ និងទីតាំងដទៃទៀតត្រូវតែបំបាត់ការទទួលបញ្ចាំរបស់ចោរ របស់គ្មានឯកសារគ្រប់គ្រាន់»

គួរជម្រាបថា ក្រោមការបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបល្បែងស៉ីសងខុសច្បាប់ និងបោសសម្អាតទីតាំងដែលបញ្ចាំដោយខុសច្បាប់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ពិសេសនៅតំបន់ឃ្លាំងរំសេវ។ ជាលទ្ធផលម៉ូតូជាង១,០០០គ្រឿង ដែលគ្មានឯកសារត្រឹមត្រូវ ត្រូវបានដកហូតពីទីតាំងបញ្ចាំដោយខុសច្បាប់ទាំងនោះ ខណៈមនុស្សចំនួន៩នាក់ ត្រូវបានឃាត់ខ្លួន និងតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន៕