(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជារដ្ឋបាលក្រុងស្រុកទាំង៨ ត្រូវបន្តទប់ស្កាត់ និងបង្ក្រាបចំពោះទីតាំងធ្វើអាជីវកម្មភ្នាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលគ្មានអាជ្ញាបណ្ណពីរាជរដ្ឋាភិបាល។

ការបញ្ជាបែបនេះរបស់លោក ម៉ែន វិបុល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនោះលោកអភិបាលខេត្ត បានកោតសរសើរ និងអរគុណកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់លើការងារ ពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិសេសការចូលរួមផ្សព្វផ្សាយក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាក្នុងខេត្ត។

លោកអភិបាលខេត្ត ក៏បានដាក់ចេញនូវទិសដៅ និងចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ ត្រូវបន្តជំរុញប្រជាពលរដ្ឋ កម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំងឱ្យទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ពិសេសដូសទី៣ ដូសទី៤ និងដូសទី៥។

*ទី២៖ គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវត្រៀមលក្ខណៈរៀបចំទីទួលសុវត្ថិភាព និងត្រៀមសម្ភារគ្រប់បែបយ៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ដូចជាជំនន់ទឹកភ្លៀងជាដើម ក្នុងរដូវវស្សាឆ្នាំនេះ។

*ទី៣៖ មន្ទីរធនធានទឹក និងឧត្តុនិយម អាជ្ញាធរក្រុង ស្រុកទាំងអស់ ត្រូវបន្តតាមដានអំពីស្ថានភាពទឹកជំនន់ដោយសារទឹកភ្លៀង និងផលប៉ះពាល់កសិផលរបស់ប្រជាពលរដ្ឋ។

*ទី៤៖ មន្ទីរកសិកម្មខេត្ត ត្រូវត្រៀមរៀបចំស្រូវពូជសម្រាប់ចែកជូនគ្រួសាររងគ្រោះដោយរាំងស្ងួត និងរងគ្រោះដោយជំនន់ទឹកភ្លៀង។

*ទី៥៖ អាជ្ញាក្រុង ស្រុក ត្រូវពិនិត្យមើលការសាងសង់សំណង់អនាធិបតេយ្យ ដែលគ្មានច្បាប់អនុញ្ញាត និងអាជីវកម្មពុះដីឡូតិ៍ អាជីវកម្មផ្ទះល្វែងសម្រាប់លក់ ត្រូវជំរុញឱ្យមកសុំច្បាប់ឱ្យបានត្រឹមត្រូវតាមប្រការស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ មិនអនុញ្ញាតឱ្យលក់ដូរមុនសុំច្បាប់អនុញ្ញាតឡើយ។

*ទី៦៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងទប់ស្កាត់ ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។

*ទី៧៖ បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំញរុពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំចំពោះរថយន្តដឹកកម្មករដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ក៏មានការត្រួតពិនិត្យ និងបូកសរុបលទ្ធផល នៃការអនុវត្តការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ ផងដែរ៕