(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញពីលក្ខខណ្ឌគួរយល់ដឹងអំពី «ការកំណត់ល្បឿនបើកបរ» ល្បឿនទាបបំផុត (អប្បបរមា) និងលឿនបំផុត (អតិបរមា) សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

ក្រសួងសាធារណការ បានកំណត់ល្បឿនទាំងស្រុងដូចជា៖

*ទី១៖ ល្បឿន 60 - 120km/h រថយន្តគ្រួសារ/ធុនស្រាល

*ទី២៖ ល្បឿន 60 - 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ

*ទី៣៖ ល្បឿន 60 - 80km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត

ក្រសួងបានបញ្ជាក់ទៀតថា ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវអនុវត្តតាមជាកំហិតជំនួសឱ្យគោលការណ៍ខាងលើ។

ករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ (Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។

សូមជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ឆាប់ៗនេះ៕