(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោក William A. Heidt ស្តីអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួង យុត្តិធម៌កម្ពុជាជាមួយ សហរដ្ឋអាមេរិក។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសំដែង ការកោតសរសើរអំពីការរីកចំរើន នៃការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេស កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្រ្កាប និងទប់ស្តាត់អំពើជួញដូរមនុស្សនាពេលកន្លងមក ហើយសហរដ្ឋអាមេរិក ក៏នឹងចូលរួមជួយកម្ពុជាផងដែរក្នុងការងារនេះ តាមរយៈការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ អំពីវិធីសាស្រ្តនៃការស៊ើបអង្កេតនិងការ តាក់តែងបទដ្ឋានគតិយុត្តិចាំបាច់ មួយចំនួន។ បន្ថែមពីលើនេះ សហរដ្ឋអាមេរិកក៏នឹងចូលរួមផងដែរក្នុងការជួយដល់កម្ពុជាក្នុងការងារ រៀបចំសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានាឱ្យបាននូវសណ្តាប់ ធ្នាប់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ទំនើបក្នុងសង្គមប្រជាធិបតេយ្យ។

តាមរយៈកិច្ចសហការនេះ ប្រតិភូក្រសួងយុត្តិធម៌កម្ពុជារួមជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក្នុងការរៀបចំតាក់តែងសេចក្តី ព្រាងច្បាប់នេះ នឹងធ្វើដំណើរទស្សនៈកិច្ចសិក្សានៅសហរដ្ឋអាមេរិកនាខែកក្កដាខាងមុខនេះ ដើម្បីសិក្សាស្វែងយល់និងផ្លាស់ប្តូរ បទពិសោធន៍ជាមួយសហរដ្ឋអាមេរិកលើបញ្ហានេះ។

ជាចុងក្រោយលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក៏បានលើកពីករណី លោក កឹម សុខា ដោយលោកឯកអគ្គរដ្ឋទូតគ្រាន់តែស្នើឱ្យ មានការអនុវត្តច្បាប់ និងដំណើរការនីតិវិធីតុលាការចំពោះលោក កឹម សុខា ធ្វើឡើងដោយត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់និងនីតិវិធី ជាធរមានរបស់កម្ពុជា និងចង់ដឹងថាករណីនេះនឹងវិវត្តន៏ទៅបែបណា ។

ជាការឆ្លើយតបលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានស្វាគមន៍នូវការសហការ និងជំនួយរបស់សហរដ្ឋអាមេរិកក្នុងការងារ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌កម្ពុជា ហើយក៏បានចាត់តាំងក្រុមការងារជំនាញរបស់ក្រសួងយុត្តិធម៌ផងដែរ ដើម្បីធ្វើការងារ លំអិតជាមួយខាងស្ថានទូតសហរដ្ឋអាមេរិកលើកិច្ចសហប្រតិបត្តិការនេះ។

ចំពោះករណី លោក កឹម សុខា លោករដ្ឋមន្រ្តី ក៏បានផ្តល់ព័ត៌មានមួយចំនួន និងពន្យល់ដល់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អំពីទិដ្ឋភាពច្បាប់ យន្តការនៃការអនុវត្តច្បាប់ និងដំណើរការនីតិវិធីតុលាការរបស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ និងបានបញ្ជាក់ថា បច្ចុប្បន្ននេះ សំណុំរឿងស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ ហេតុនេះការសម្រេចយ៉ាងណានោះជាតួនាទីឯករាជ្យរបស់ស្ថាប័នតុលាការ៕