(ភ្នំពេញ)៖ គិតចាប់ពីម៉ោង ៣៖០០នាថ្ងៃទី២៦ ដល់វេលាម៉ោង ៣៖០០ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ សមត្ថកិច្ចកម្ពុជា បានទទួលសំណើ ៣៤ករណីទៀត ដែលស្នើឱ្យសង្រ្គោះជនបរទេស ៩៤នាក់។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា សំណើទាំង ៣៤ករណីនេះ មានចំនួន៦សញ្ជាតិរួមមាន៖ ស្នើឱ្យសង្រ្គោះជនជាតិវៀតណាមចំនួន ៣៨នាក់, ម៉ាឡេស៉ី ០៩នាក់, ឥណ្ឌា០៦នាក់, ជនជាតិបង់ក្លាដេស ១នាក់, ចិន៣៧នាក់ និងចិនតៃវ៉ាន់២នាក់។

បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៣៦៨ករណី មានមនុស្ស ៨៨៧នាក់ មាន ១១សញ្ជាតិ
២៖ ស្រាវជ្រាវអង្កេតបឋមបាន ១៧៨សំណើ នៅសល់ ១៩០សំណើ (រកឃើញ ៣៦១នាក់, ឃាត់ខ្លួន ៥៣នាក់, បិទក្រុមហ៊ុន ១ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាបន្តស្រាវជ្រាវក្រុមហ៊ុន ៥ទីតាំង)។

សូមបញ្ជាក់ថា ថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះ៕