(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូគណៈកម្មការស៊ើបអង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៍ ដឹកនាំដោយ ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ ប្រធានគណៈកម្មការ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជានាឱកាសនេះ ពិតជានឹងរួមចំណែកដ៏សំខាន់ដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

ក្នុងឱកាសនោះ ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលដ៏មានតម្លៃទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅនាពេលនេះ។

ឧត្តមនាវីឯកបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ ស្វែងយល់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងនៃប្រទេសទាំងពីរឱ្យរឹតតែជិតស្និតបន្ថែមទៀត។

ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ មានគោលបំណងដើម្បីសិក្សាឈ្វេងយល់អំពីការងារប្រឆាំងអំពើពុករលួយ។ ឧត្តមនាវីឯក សង្ឃឹមថា សភានៃប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបតិ្តការជាមួយគ្នាទៅលើវិស័យនេះ។

ឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ បានគូសបញ្ជក់ថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏ មានព្រំប្រទល់ជាប់គ្នា ប្រជាជនមានទំនាក់ទំនងយ៉ាងជិតស្និត មានវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីស្រដៀងគ្នា ជាពិសេសប្រជាជនរស់នៅតាមបណ្តោយព្រំដែនតែងតែងមានការពឹកពាក់យកសារគ្នាទៅវិញទៅមក តាំងពីយូលង់ណាស់មកហើយ។ ជាមួយគ្នានេះ ប្រទេសទាំងពីរជាប្រទេសសមាជិកអាស៊ាន ដែលមានទំនាក់ទំនងជាមួយគ្នាលើគ្រប់វិស័យ ប្រៀបដូចគ្រួសារតែមួយ។ ក្នុងនោះស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានដើរតួជាយន្តការដ៏សំខាន់ក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវសន្តិសុខ ជូនប្រទេសជាតិ ដែលជាប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតចំពោះប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរំលឹកថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍ បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការចាប់តាំងពីឆ្នាំ១៩៥០ ដែលគិតមកដល់ពេលបច្ចុប្បន្ននេះគឺមានរយៈពេល ៧២ឆ្នាំមកហើយ។ សម្តេចបានសម្តែងនូវសេចក្តីរីករាយដោយមើលឃើញនូវទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិ- ការនៃប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់។ ការរីកចម្រើននេះស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា ទោះបីប្រទេសទាំងពីរបាននឹងកំពុងប្រឈមទៅនឹងជំងឺរាតត្បាតកូវីដ១៩ យ៉ាងណាក្តី ក៏ប៉ុន្តែប្រទេសទាំងពីរនៅតែបានជួយគ្នាទៅវិញទៅមក ក្នុងនាមជាបងប្អូន និងជាអ្នកជិតខាងល្អ។ ជាមួយគ្នានេះសម្តេចបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលបានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់កាលពីឆ្នាំ២០២០កន្លងទៅនេះ ព្រមទាំងជួយសម្រួលបែបបទដល់ពលករកម្ពុជាទៅធ្វើការងារក្នុងប្រទេសថៃ ការជួយតបណ្តាញអគ្គីសនី និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ជាដើម។

សម្តេចប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ចំពោះការបន្តរីកចម្រើនជាលំដាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសភានៃប្រទេសទាំងពីរ ដែលត្រូវបានលើកកម្ពស់ឥតឈប់ឈរ និងមានការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដែលតែងតែជួយគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ មិនត្រឹមតែទទួលបានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែបានរួមវិភាគទានចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោកផងដែរ។

សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នៅក្នុងខែវិច្ឆិកាខាងមុខនេះ ក្រោមមូលបទបទ «ឆ្ពោះទៅមុខរួមគ្នាដើម្បីអាស៊ាន ប្រកបដោយបរិយាប័ន និងភាពធន់»

ក្នុងនាមសភាកម្ពុជា សម្តេចបានអញ្ជើញសភានៃព្រះរាជាណាចក្រថៃឡង់ដ៍ ចូលរួមនៃកិច្ចប្រជុំនេះ ដើម្បីរួមពិភាក្សាគ្នាលើប្រធានបទសំខាន់ៗដែលអង្គមហា សន្និបាតបានដាក់ចុះ ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហានានា ដែលបាននឹងកំពុងកើតឡើងក្នុងតំបន់ និងពិភពលោក។ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និតជាមួយព្រះរាជាណាចក្រថៃឡង់ដ៍។

តាមរយៈគណៈប្រតិភូ សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ ដោយសេចក្តីគោរពនិងនឹករលឹកពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ជូនព្រះបាទមហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃឡង់ និងថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់នៃព្រះរាជាណាចក្រថៃឡង់ដ៍៕