(ភ្នំពេញ)៖ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បានធ្វើការថ្កោលទោសយ៉ាងដាច់អង្ហាការ ចំពោះអំពើហិង្សា មកលើកម្មករ និយោជិត នៅមុខរោងចក្រ យ៉កម៉ាស កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ ដែលបង្កឱ្យកម្មកររបួសធ្ងន់៣នាក់និងស្រាល ៥នាក់។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែរថ្ងៃទី៦ ខែមិថុនា​ ឆ្នាំ២០១៦។
ក្នុងនោះដែរ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានចាត់ទុកទង្វើដ៏ឃោរឃៅនេះ មិនបានឆ្លើយតបទៅនឹងប្រទេសនីតិរដ្ឋដែលកម្ពុជា កំពុងពង្រឹង និងអនុវត្តលើគោលការណ៍ភូមិ-ឃុំ មានសុវត្ថិភាពនោះទេ។ ម៉្យាងទៀត លោកស្រី ទេព គឹមវណ្ណារី ក៏សូមអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាចាត់វិធានការណ៍ចំពោះជនដៃដល់ និងជននៅពីក្រោយខ្នងមកផ្ដន្ទាទោសចំពោះមុខច្បាប់ ជាធរមាន។

សូមបញ្ជាក់ថា កម្មករោងចក្រ២ក្រុម ពេលចេញមកធ្វើកូដកម្មនៅខាងមុខរោងចក្រ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅខណ្ឌ ពោធិ៍សែនជ័យ បានកើតជម្លោះរហូតផ្ទុះហិង្សា វាយតប់គ្នាយ៉ាង​អនាធិបតេយ្យ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលជាង១០នាក់។

សេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា មានកម្មករនិយោជិត របស់ក្រុមហ៊ុន យ៉កម៉ាស (ខេមបូឌា) ហ្គាមេន អិមអេហ្វជី នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជិត​៣០០នាក់ ក្នុងចំណោមកម្មករជាង៧០០នាក់ បានផ្ទុះធ្វើកូដកម្ម នៅខាងក្រៅរោងចក្រ ដើម្បីទាមទារលក្ខខណ្ឌ​ការងារមួយចំនួន ដោយក្នុងនោះរួមមាន ទី១- សុំឲ្យក្រុមហ៊ុន ផ្តល់ប្រាក់សោហ៊ុយ​ធ្វើ​ដំណើរបន្ថែមចំនួន ៥ដុល្លារ ទី២- សុំឲ្យក្រុមហ៊ុនកែប្រែប្រធាន ផ្នែកផលិតកម្ម ជនជាតិចិននៅផ្នែកតុកាត់ មុនពេលធ្វើអ្វីចំពោះកម្មករត្រូវមានហេតុផល សមរម្យ ទី៣- សុំឲ្យក្រុមហ៊ុនផ្តល់​ប្រាក់បាយ​ថែម​​ម៉ោងថ្ងៃអាទិត្យចំនួន​៦០០០រៀល ទី៤- សុំឲ្យក្រុមហ៊ុនចាត់វិធានការតាមបទបញ្ជា ផ្ទៃក្នុង និងច្បាប់ការងារចំពោះតំណាងសហជីពស្មារតីកម្មករខ្មែរ ចំនួន៤នាក់ ដែលបានវាយ​កម្មករកន្លង​មកនៅ​ក្នុង​រោងចក្រនិង លក្ខខណ្ឌការងារមួយចំនួនទៀត។

នៅពេលដែលក្រុមកម្មករទាំងនេះ កំពុងធ្វើកូដកម្មនោះ ស្រាប់តែនៅពេលថ្ងៃត្រង់មានក្រុមកម្មករ ដឹកនាំដោយមន្រ្តី​សហព័ន្ធសហជីព​ស្មារតីកម្មករ​ខ្មែររបស់លោក មុំ សៀក ជាង៣០នាក់ បានមកអុក​ឡុក និងវាយបង្រ្កាបមកលើកម្មករ ដែលកំពុងធ្វើកូដកម្មនៅខាងមុខ រោងចក្រ ធ្វើឲ្យមានកម្មកររងរបួសធ្ងន់បែកក្បាលចំនួន៣នាក់ និងរងរបួសស្រាលជាង១០នាក់ ត្រូវបានបញ្ជូនទៅ សម្រាកនិងព្យាបាល​នៅគ្លីនីកឯកជន។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា មានសហភាពសហព័ន្ធ៧ និងសហព័ន្ធសហជីព សមាគម អង្គការ៧៣ជាសមាជិក ក្រុមប្រឹក្សាភិបាល៕