(កណ្តាល)៖ ថវិកាជាង៦០លានរៀល និងជាង១៥០០០ដុល្លារ  សរុបទាំងអស់មានប្រមាណជា ១២០លានរៀល ដែលប្រមូលបាន ពីបុណ្យផ្កាសាមគ្គីមួយនៅវត្តខ្ពប នឹងត្រូវយកទៅកសាងព្រះវិហារថ្មី ស្ថិតនៅភូមិខ្ពបក្រោម ឃុំខ្ពបស្រុកស្អាង ខេត្តកណ្តាល ។  ថវិកាទាំងអស់នោះ បានមកពីពុទ្ធបរិស័ទ ជិតឆ្ងាយចំណុះវត្តខ្ពប ដែលបានចូលរួមនៅក្នុងពិធីបុណ្យផ្ការស្មីសាមគ្គីមួយ។

ពិធីបុណ្យផ្កាប្រាក់សាមគ្គី ធ្វើឡើងនៅក្នុងវិហារ វត្តលង្កាព្រះកុសុមារាម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃអាទិត្យ ១កើត ខែជេស្ឋ ឆ្នាំវក អដ្ឋស័ក្ក ព.ស ២៥៦០ ។

ពិធីបុណ្យផ្ការស្មីសាមគ្គីនេះ គេក៏សង្កេតឃើញមាន វត្តមានរបស់ឧបនាយរដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រីឧកញ៉ា ហេង ហៀប ម៉ែនសារុន លោកស្រីឧកញ៉ា អ៊ឹង ស៊ីស៊្រន់ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ លោកស្រី ស៊ុយ សុផាន និងឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលដទៃទៀតជាច្រើនរូប ព្រមទាំងពុទ្ធបរិស័ទក៏បានអញ្ជើញ ចូលរួមផងដែរ ។

លោកស្រី ម៉ែន សំអន បានលើកឡើងថា ការប្រមូលបច្ច័យតាមរយៈការមូលមតិគ្នាធ្វើបុណ្យផ្កា សាមគ្គី កសាងអារាមវត្តខ្ពបនេះ គឺជាការរួមចំណែក ជាមួយប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការលើកកំពស់ ថែរក្សាព្រះពុទ្ធសាសនា ឲ្យកាន់តែថ្កុំថ្កើង ព្រោះ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយប្រជាពលរដ្ឋកម្ពុជាជាង៩0% ជាអ្នកគោរពប្រតិបត្តិ ព្រះពុទ្ធសាសនា ។

សូមបញ្ជាក់ថា លោកស្រី ម៉ែន សំអន បានចូលសសរ២ដើម ដែលគិតជាថវិកា ចំនួន២ម៉ឺនដុល្លារ រួមនឹងបច្ច័យជាង៦០លានរៀល និង ជាង១៥០០០ដុល្លារ ដើម្បីយកទៅកសាងព្រះវិហារថ្មី ស្ថិតនៅភូមិខ្ពបក្រោម ឃុំខ្ពបស្រុកស្អាងខេត្តកណ្តាល ៕