(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងពីស្ថានភាពអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា ដោយយោងតាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា កម្លាំងស្រូបនៃឥទ្ធិពលព្យុះទី១៦ ឈ្មោះ «ណូរុ NORU» ដែលកើតនៅភាគខាងកើតប្រទេស ហ្វីលីពីន នឹងធ្វើឲ្យប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងកម្ពុជា បានចុះថមថយឥទ្ធិពលជាលំដាប់។

តាមការព្យាករ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ព្យុះណូរុនឹងវិវត្តទៅជាព្យុះទីហ្វុង TY នៅពេលបក់ចូលកៀកឆ្នេរភាគកណ្តាលប្រទេសវៀតណាម។ ព្យុះនេះ នៅពេលឆ្លងកាត់ប្រទេសវៀតណាម និងអាងទន្លេមេគង្គប្រទេសឡាវ និងថៃ នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានថមថយឥទ្ធិពលបន្តបន្ទាប់ជាព្យុះកម្រិត TS វិសម្ពាធ TD និងសម្ពាធទាប។ ជាមួយគ្នានោះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ខ្យល់មូសុងនិរតី នឹងបង្កើនល្បឿនបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើតំបន់មាត់សមុទ្រ។

ក្រសួងធនធានទឹក បានអះអាងទៀតថា លក្ខណៈបែបនេះ នឹងធ្វើឲ្យកម្ពុជាចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បណ្តាខេត្តនៅភាគពាយព្យ មានជាអាទិ៍៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន បូកផ្សំនឹងបរិមាណ ទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀត អាចបង្កឲ្យទីទំនាបជាប់ផ្លូវទឹក និងផ្លូវទឹកនៅក្នុងភូមិសាស្ត្រ នៃបណ្តាខេត្តទាំងនោះ ប្រឈមនឹងជំនន់ទឹកភ្លៀង (Flash flood) និងជំនន់ដោយបរិមាណ ទឹកហួសកម្រិត (Overflow)។

ចំណែកបណ្តាខេត្តដទៃទៀត និងរាជធានីភ្នំពេញ មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លើកលែងតែបណ្តាខេត្តជាប់មាត់សមុទ្រ មានខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលអាចមានភ្លៀងធ្លាក់ច្រើន។ នៅលើផ្ទៃសមុទ្រក៏នឹងមានភ្លៀងច្រើន ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់។ ទន្ទឹមនេះ ភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ ដែលអាចធ្វើឲ្យទឹកទន្លេមេគង្គ មានការងើបកើនឡើងវិញជាបន្តបន្ទាប់។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានក្រើនរំលឹកដល់បណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់៕