(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញព័ត៌មានលម្អិតជុំវិញប្រតិបត្តិការយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងការត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ «ក្រុមហ៊ុនហ្គាឡាក់ស៉ីវើល» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយសង្ស័យពាក់ព័ន្ធបទល្មើសបង្ខាំង ធ្វើទារុណកម្ម ជួញដូរមនុស្ស និងល្បែងស៉ីសងអនឡាញខុសច្បាប់។

តាមរយៈសេចក្ដីជូនព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងប្រតិបត្តិការរយៈពេល៣ថ្ងៃនេះ កម្លាំងចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្ត បានរកឃើញនូវជនបរទេសក្នុងទីតាំងសរុប ចំនួន៤១៤នាក់ ស្រីចំនួន៤២នាក់ មានចំនួន០៥សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន៣៥១នាក់ ស្រីចំនួន៣០នាក់ ជនជាតិឡាវ ចំនួន០២នាក់ ស្រីចំនួន០២នាក់ ជនជាតិវៀតណាមចំនួន៤៦នាក់ ស្រីចំនួន១០នាក់ ជនជាតិម៉ាឡេស៊ី ចំនួន១០នាក់ និងជនជាតិឥណ្ឌា ចំនួន០៥នាក់។

ក្នុងចំណោមជនបរទេសទាំង៤១៤នាក់ មានជនបរទេសចំនួន ១៦៨នាក់ (ស្រី ១៧នាក់) ត្រូវបានរកឃើញស្នាក់នៅនិងធ្វើការដោយដោយគ្មានឯកសារត្រឹមត្រូវ និងជនបរទេសចំនួន ២០៨នាក់ (ស្រី២៣នាក់) ត្រូវបានផាកពិន័យដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សរុបជាទឹកប្រាក់មានចំនួន ១០៤,០០០,០០០រៀល។

ជាមួយគ្នានេះ ជនបរទេសដែលបានផាកពិន័យរួចដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តម្រូវឲ្យស្នើបណ្ណការងារថ្មី ដែលប្រមូលបានអាករសរុបចំនួន៦០,៣១០ដុល្លារ។

ចំពោះនិយោជក/សហគ្រិន៖ គ្មានលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មជនបរទេស ខុសនឹងមាត្រា២៦៤ និងត្រូវពិន័យតាមមាត្រា៣៦៩ នៃច្បាប់ស្តីពីការងារ មានទឹកប្រាក់ពិន័យសរុប២,៥២០,០០០ រៀល។ ប្រើប្រាស់ជនបរទេសគ្មានបណ្ណការងារ (លើសពី០៥នាក់) ខុសនឹងមាត្រា៣៧២ និងត្រូវពិន័យតាមមាត្រា ៣៧២ នៃច្បាប់ស្តីពីការងារ មានទឹកប្រាក់ពិន័យសរុប ១២,៦០០,០០០រៀល។ ទូទាត់ប្រាក់ឈ្នួលដែលនៅសល់ ជូនកម្មករ-និយោជិតសរុបចំនួន១០៤នាក់ មានទឹកប្រាក់សរុបចំនួន ២៧,៧៩៦ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ និងបន្តទទួលខុសត្រូវករណីមានបណ្ដឹងបន្ថែមទៀត។

ក្នុងប្រតិបត្តិការនេះ ជនសង្ស័យចំនួន១៩នាក់ (ចិន ១១នាក់ និងខ្មែរ ០៨នាក់) ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងសណ្ឋាគារថាមពលថ្មី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដែលត្រូវបានជនរងគ្រោះប្ដឹងតាមទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ហើយក៏ជាតម្រុយមួយដែលនាំឲ្យសមត្ថកិច្ចបើកកិច្ចប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលលើទីតាំងរបស់ក្រុមហ៊ុនហ្គាឡាក់ស៊ីវើល ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕