(បន្ទាយមានជ័យ)៖ ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ង៉ែត ចាន់ថុន ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះសំណេះសំណាល និងនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន៨០គ្រួសារ ដែលកំពុងស្នាក់នៅលើទីទួលសុវត្ថិភាព។

ប្រជាពលរដ្ឋរងគ្រោះទាំងនោះរួមមានចំនួន៥៤គ្រួសារ រស់នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងនៅបេនឡានក្រុងសិរីសោភ័ណ ប្រជាពលរដ្ឋក្នុងសង្កាតព្រះពន្លា ចំនួន២៦គ្រួសារ។ អំណោយរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធ ១កេស។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។

លោក អ៊ុ រាត្រី តំណាងឱ្យប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហាដោយការដាច់ស្បៀងហូបចុកនោះឡើយ ទោះបីជាជួបបញ្ហាកូវីដ១៩ គ្រោះធម្មជាតិផ្សេងៗដូចខ្យល់កន្តាក់ និងគ្រោះទឹកជំនន់នេះជាដើមនេះ។

លោក អ៊ុ រាត្រី ក៏បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឱ្យបានគ្រប់ៗគ្នា ព្រមទាំងថែរក្សាសុខភាពឱ្យបានល្អ នាដំណាក់កាលទឹកជំនន់ក្នុងរដូវវស្សានេះ៕