(ព្រះសីហនុ)៖ រហូតមកដល់រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសល់មនុស្សចំនួន៨នាក់ទៀត បន្ដបាត់ខ្លួនលើផ្ទៃសមុទ្រ ខណៈកម្លាំងជំនាញពាក់ព័ន្ធទាំងអស់ កំពុងដុតដៃដុតជើងដើម្បីអន្ដរាគមន៍ស្វែងរក។

លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជំរុញដល់ក្រុមល្បាតដើម្បីស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន ចំនួន៨នាក់ផ្សេងទៀត នៅអង្គភាពបង្ក្រាបបទល្មើសលើកផ្ទៃសមុទ្រ ខេត្តព្រះសីហនុ។

ការជំរុញនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំដើម្បីជំរុញអនុវត្តផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២។

ក្នុងនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានប្រគល់ថវិកាផ្ទាល់ខ្លួនចំនួន ៨,០០០,០០០រៀល ផ្ដល់ជូនកងកម្លាំង របស់អង្គភាពបង្ក្រាបលើផ្ទៃសមុទ្រ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ (មួយអង្គភាព ទទួលបាន៤,០០០,០០០រៀល) ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះដែលបានជួបឧបទ្ទវហេតុ។

គួរជម្រាបថា ហេតុការណ៍លិចទូកដែលផ្ទុកមនុស្សចំនួន៤១នាក់នេះ បានកើតមានឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចជំនាញលើផ្ទៃទឹក បានរួមដៃគ្នាចេញជួយអន្ដរាគមន៍សង្គ្រោះភ្លាមៗ។ ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស មកពីខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី០៣នាក់៕