(ភ្នំពេញ)៖ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយលោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោក លោកស្រីប្រធានអង្គភាពពាក់ព័ន្ធ  នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ បានអញ្ជើញចុះសួរសុខទុក្ខលោក យស់ សារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់។

លោក យស់ សារ៉េត បានកើតជំងឺឡើងសម្ពាធឈាមធ្ងន់ធ្ងរ ដែលធ្វើឲ្យស្ពឹកមួយចំហៀងខ្លួន ផ្នែកខាងស្ដាំ និយាយមិនច្បាស់ ដើរពុំរួច សសេរមិនកើត ក្នុងកំឡុងពេលលោកបំពេញបេសកកម្ម នៅខេត្តកំពង់ឆ្នាំង ហើយបច្ចុប្បន្នលោកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានជូនពរលោកប្រធាន យស់ សារ៉េត ឲ្យបានឆាប់ជាសះស្បើយពីជំងឺ និងបានផ្តល់ជូននូវថវិកាចំនួនពីរលានរៀល ដើម្បីជួយសម្រួលបន្ទុក ក្នុងការព្យាបាលជំងឺ ដល់ក្រុមគ្រួសាររបស់លោកផងដែរ៕