(កំពង់ធំ)៖ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ និងសហការីព្រមទាំងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹកនៅក្នុងអាងទឹក៣០ កញ្ញា ដែលបានឡើងដល់ចំណុចប្រកាសអាសន្ន ដែលស្ថិតក្នុងស្រុក៣ មានស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយ ខណៈស្ថានភាពទឹកភ្លៀងបាននឹងបន្តធ្លាក់មកជាបន្តបន្ទាប់។

លោក ព្រឹម រដ្ឋា បានណែនាំឱ្យមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធត្រូវសហការជាមួយគណៈកម្មការគ្រប់គ្រងអាងទឹក ៣០ កញ្ញា ត្រូវតាមដានត្រួតពិនិត្យ និងបើកទ្វារទឹកទាំងអស់ ដើម្បីឱ្យស្ថានភាពទឹកស្ទឹង និងអាងទឹក ៣០ កញ្ញា ស្រកចុះលឿនដើម្បីកុំឱ្យមានកម្ពស់ទឹកនៅក្នុងអាងឡើងខ្ពស់។

បន្ថែមពីនេះ លោកអភិបាលរងខេត្ត ក៏បានណែនាំឱ្យរដ្ឋបាលស្រុកស្ទោង និងអាជ្ញាធរភូមិឃុំ ទាំងឡាយស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្ទោងដែលនៅតាមបណ្ដោយស្ទឹងស្ទោង ត្រូវធ្វើការតាមដាន និងរាយការណ៍អំពីស្ថានទឹកស្ថានភាពទឹកស្ទឹងស្ទោង ដែលកំពុងតែ កើនឡើងខ្លាំងដែលបណ្ដាលមកពីការធ្លាក់ភ្លៀងនៅក្បាលស្ទឹងស្ទោង ឯខេត្តព្រះវិហារ។

លោកបានបន្ថែមថា បើតាមស្ថានភាពទឹកដែលកំពុងហក់ឡើងខ្លាំង និងទឹកស្ទឹងស្ទោងនៅពេលនេះ ក៏ដូចជាស្ថានភាពអាកាសធាតុដែលកម្ពុជា កំពុងរងឥទ្ធពលទឹកភ្លៀង ទឹកស្ទឹងនឹងបន្តហក់ឡើងខ្ពស់ជាងនេះ។

ទន្ទឹមនឹងនេះដែរ លោក ព្រឹម រដ្ឋា ក៏បានក្រើនរំឮកឱ្យរដ្ឋបាលឃុំ ត្រូវចុះតាមដានត្រួតពិនិត្យមើលតាមប្រព័ន្ធលូទាំងឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួនដែលមានការកកស្ទះត្រូវតែកាយបើកឱ្យទូលាយជាងមុន ដើម្បីរំដោះទឹកឱ្យបានឆាប់ស្រកបានលឿន។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលស្រុកស្ទោង បានជូនដំណឹងរួចហើយស្តីពីស្ថានភាព កម្ពស់ទឹកស្ទឹងស្ទោង និងអាងទឹក ៣០ កញ្ញា ឱ្យបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំណែកឯទឹកជំនន់នៅឃុំប្រឡាយនៅក្នុងស្ថានភាពពីថ្ងៃចុងក្រោយនេះគឺមានការស្រកជាបន្តបន្ទាប់៕