(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញសួរសុខទុក្ខជនរងគ្រោះលិចទូកចំនួន២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា ជនរងគ្រោះទាំង ២នាក់នេះ គឺជាជនរងគ្រោះក្នុងចំណោមជនរងគ្រោះផ្សេងទៀតដែលត្រូវបានជួយសង្គ្រោះ ក្នុងករណីលិចទូក នៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ហើយត្រូវបានជួយសង្រ្គោះដោយប្រជានេសាទ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

សរុបមកជនរងគ្រោះដោយសារករណីលិចទូកនេះ មានចំនួនសរុប៤១នាក់ និងត្រូវបានជួយសង្គ្រោះ សរុប២២នាក់ (ស្លាប់១នាក់) និងបាត់ខ្លួន១៩នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។

ដោយឡែកតាមព័ត៌មានមិនទាន់ផ្លូវការ បានឱ្យដឹងថា ជនរងគ្រោះចំនួន៩នាក់ ផ្សេងៗទៀតបានហូរទៅកាន់ព្រំដែនទឹកប្រទេសវៀតណាម និងត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរវៀតណាមផងដែរ ដោយករណីនេះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងធ្វើការទំនាក់ទំនងជាមួយស្ថានទូតសាធារណរដ្ឋចិន ប្រចាំប្រទេសវៀតណាម ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់បន្ថែមទៀត៕