(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំចំនួន៥៣ ដោយក្នុងនោះរកឃើញហាងបញ្ចាំចំនួន១៣ អត់មានច្បាប់អនុញ្ញាត សមត្ថកិច្ចដកហូតបានម៉ូតចំនួន ១១១៣គ្រឿង រថយន្ត ចំនួន ១៤គ្រឿង ម៉ូតូកង់បី ចំនួន ៩គ្រឿង Passapp ចំនួន ១២គ្រឿង ឃាត់ខ្លួនម្ចាស់ទីតាំង និងបុគ្គលិកចំនួន៩នាក់ ក្នុងនោះមានក្លោងម្នាក់ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ បានធ្វើនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង ដោយមានការចូលរួមពីសំណាក់លោក ជា ពិសី អភិបាលខណ្ឌទួលគោក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ។

បើតាមលោក ឃ្លាំង ហួត បានបញ្ជាក់ថា សមត្ថកិច្ចបានយក់ទីតាំងហាងបញ្ចាំចុងក្រោយដែលមិនមានច្បាប់អនុញ្ញាត ដើម្បីរក្សាទុកម៉ូតូពាក់ព័ន្ធនឹងបទល្មើស ព្រមទាំងម៉ូតូដែលមិនពាក់ព័ន្ធនឹងបទល្មើសក្នុងន័យផ្តល់ភាពងាយស្រួលដល់សមត្ថកិច្ច។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយអនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធការបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់។ នេះជាការបញ្ជាបន្ថែមរបស់លោក ឃ្លាំង ហួត។

គួរជម្រាបថា ក្នុងប្រតិបត្តិការប៉ុន្មានថ្ងៃមកនេះ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូ រថយន្ត ព្រមទាំងសម្ភារផ្សេងៗ ជាច្រើនពាន់គ្រឿង ដែលបញ្ចាំដោយគ្មានឯកសារត្រឹមត្រូវ ហើយត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីផ្សព្វផ្សាយស្វែងរកម្ចាស់៕