(គុយបា)៖ បន្ទាប់ពីបញ្ចប់ ការចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសគុយបា) បានអញ្ជើញទៅដល់ទីក្រុងហាវ៉ាណា សាធារណរដ្ឋគុយបាហើយ។

ទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋគុយបា នឹងធ្វើឡើងពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២តបតាមការអញ្ជើញរបស់ លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស។

ក្នុងកំលុងពេលទស្សនកិច្ចផ្លូវការជាលើកទី២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ពិភាក្សាអំពីមធ្យោបាយ ដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងគុយបា និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។

បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ រួមមាន៖

១៖ កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌
២៖ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ
៣៖ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា
៤៖ គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ
៥៖ អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសមចំពោះ លោក អេស្តេបាន ឡាហ្សូ ហឺណាន់ដេស ប្រធានរដ្ឋសភានៃអំណាចប្រជាជនគុយបា។ សម្តេចតេជោ ក៏រំពឹងថានឹងចូលជួប សម្តែងការគួរសមចំពោះ លោក រ៉ាអ៊ូល ខាសស្រ្តូ អតីតប្រធានាធិបតីគុយបាផងដែរ។

នៅរដ្ឋធានីហាវាណា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌល ហ្វីដែល កាស្ត្រូ (Fidel Castro) និងមជ្ឈមណ្ឌលវិស្វកម្មហ្ស៊េន និងបច្ចេកវិទ្យាជីវៈ និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍ ចូហ្សេ ម៉ាទី (José Martí)។ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទេសគុយបាផងដែរ។

សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបំពេញទស្សនកិច្ចផ្លូវការនៅគុយបារួចម្តងមកហើយ។ ដំណើរទស្សនកិច្ចនាពេលនោះ សម្តេចតេជោ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកំពូលគុយបា លោក ហ្វីដែល កាស្ត្រូ (Fidel Castro)។ ក្នុងជំនួបជាមួយលោក ហ្វីដែល កាស្ត្រូ នាពេលនោះ សម្តេចតេជោ ហ៊ុន សែន បានចំណាយពេលពិភាក្សាការងាររយៈពេល១០ម៉ោង ពាក់ព័ន្ធលើការងារទ្វេភាគី និងបញ្ហាដទៃទៀត៕