(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអំពាវនាវឲ្យប្រទេសចិន ចូលរួម​ក្នុងការស្វែងរក​ «ដំណោះស្រាយការទូត» ដើម្បីកាត់បន្ថយភាពតានតឹង​នៅសមុទ្រចិនខាងត្បួង ដែលការអំពាវនាវនេះត្រូវបាន​ធ្វើឡើង​នៅ​ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងប្រទេសចិន និងសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នាថ្ងៃទី០៦ ខែឧសភា។

លោក Kerry បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា រដ្ឋាភិបាលនៃប្រទេសចិនគួរតែស្វែងរកដំណោះស្រាយ​ការទូត​ណា​មួយ​ ដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ដែលវាជា​ប្រធានបទដ៏ក្ដៅនៅអាស៊ីនាពេលបច្ចុប្បន្ន។ នៅក្នុង​កិច្ច​ប្រជុំប្រចាំឆ្នាំនេះផងដែរ រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានពញ្ញាក់អារម្មណ៍ចិន ឲ្យជួយពន្យល់កូរ៉េខាងជើងឲ្យបោះបង់​កម្ម​វិធី​អាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃអាទិត្យម្សិលមិញនេះ លោក John Kerry បានមកដល់ប្រទេសចិន ដើម្បីចូលរួម​កិច្ច​ប្រជុំ​ប្រចាំឆ្នាំចំនួន៣ថ្ងៃ ដែលតែងតែពិភាក្សាគ្នាទៅលើយុទ្ធសាស្ត្រ និងសេដ្ឋកិច្ច ក្នុងភាពជាដៃគូ​ ប៉ុន្តែនៅព្រឹកមិញនេះ លោក John Kerry បានលើកឡើងពីបញ្ហាសមុទ្រខាងត្បូងទៅវិញ៕