(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯក Park Suman អនុព័ន្ធយោធាប្រចាំស្ថានទូត នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន នៅទីស្តីការក្រសួងការពារជាតិ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានសម្តែងនូវភាពរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក៏ដូចជាសាធារណរដ្ឋកូរ៉េ និងអាស៊ានផងដែរ។

លោកបានថ្លែងអំណរគុណដល់ក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញលោកទៅចូលរួមកិច្ចប្រជុំសំខាន់ៗ៣កន្លងទៅ ក្នុងនោះមានសន្ទនាការពារជាតិសេអ៊ូលឆ្នាំ២០២២, កិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិសាធារណរដ្ឋកូរ៉េ-អាស៊ាន និងកិច្ចប្រជុំក្រុមការងារសន្តិសុខលំហរ និងសន្តិសុខព័ត៌មានវិទ្យា ដែលបានរៀបចំឡើង នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។

លោក នាយឧត្តមសេនីយ៍ បានកោតសរសើរចំពោះតួជាទីប្រកបដោយការស្ថាបនារបស់សាធារណរដ្ឋកូរ៉េ ទាំងនៅកម្រិត អនុតំបន់ និងតំបន់ ជាពិសេសតួនាទីយ៉ាងសកម្មរបស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនេះទៅក្រោមក្របខ័ណ្ឌរបស់ ADMM-Plus ដែលជាយន្តការដ៏សំខាន់មួយក្នុងការរួម ចំណែកដល់ការកសាងទំនុកចិត្ត និងចូលប្រតិបត្តិការលើវិស័យការពារជាតិជាក់ស្ដែង តាមរយៈ ក្រុមកាងារជំនាញ ADMM-Plus។

លោកវរសេនីយ៍ឯក Park Suman អនុព័ន្ធយោធាប្រចាំស្ថានទូត នៃសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណដល់ លោក នាយឧត្តមសេនីយ៍ ឈុំ សុជាត ដែលអនុញ្ញាតឱ្យ លោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ លោកបានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះប្រទេសកម្ពុជា សម្រាប់តួនាទីជាប្រធានអាស៊ានឆ្នាំនេះ ក៏ដូចជាជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ កន្លងមក។

លោកវរសេនីយ៍ឯក Park Suman ក៏បានបញ្ជាក់ដែរថា លោក Lee Jong-Sup រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េ បានទទួលការអញ្ជើញរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយនឹងអញ្ជើញមកចូលរួម កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (The 9th ADMM-Plus) ដែលកម្ពុជាបន្តធ្វើជាម្ចាស់ផ្ទះ ក្នុងខេត្តសៀមរាប នាខែវិច្ឆកា ឆ្នាំ២០២២ ខាងមុខនេះ ហើយក៏លើកសំណូមពរ ក្នុងការផ្លាស់ប្តូរយោបល់រវាងរដ្ឋមន្ត្រីក្រសួងការពារ ជាតិនៃសាធារណរដ្ឋកូរ៉េ និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា អំឡុងពេលកិច្ចប្រជុំនេះផងដែរ៕