(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីប្រកាសមួយបញ្ជាក់ថា ផ្អែកតាមលិខិតលេខ៨០៩ សជណ.ពប ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍តម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់រាល់ការផ្តល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា «គម្រោងខ្ចីលុយ»។

សេចក្តីប្រកាសបានបញ្ជាក់ថា ចំពោះគម្រោងខ្ចីលុយដែលអ្នកប្រើប្រាស់បានភ្ជាប់រួចហើយ ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រូវបន្តផ្តល់សុពលភាពរហូតដល់អ្នកប្រើប្រាស់អស់ចំនួនទឹកលុយដែលបានខ្ចី ដោយកំណត់យក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ។

ន.ទ.ក. បានណែនាំដល់ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ត្រូវតែអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យបានម៉ឺងម៉ាត់។ ន.ទ.ក. នឹងបន្តតាមដាន ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិជាធរមាន និងការសម្រេចរបស់រាជរដ្ឋាភិបាល៕