(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានផ្សព្វផ្សាយវីដេអូស្តីពីគោលការណ៍ណែនាំប្រការគួរធ្វើ និងមិនគួរធ្វើ (Do and Don’t) សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុងតាមគន្លងប្រក្រតីភាពថ្មី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២នេះ។

ដោយយោងតាមផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ ទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ និងផែនការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ដែលបានអនុម័តដោយរាជរដ្ឋាភិបាលនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ក្នុងការលើកកម្ពស់ទំនុកចិត្តនិងភាពជឿជាក់របស់ភ្ញៀវទេសចរផ្ទៃក្នុង ត្រូវរៀបចំពិធីសារសុវត្ថិភាពសម្រាប់ចលនាទេសចរណ៍ផ្ទៃក្នុង ដែលមានវិសាលភាពគ្របដណ្តប់លើរាល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរដើម្បីគ្រប់គ្រងសកម្មភាពទេសចរណ៍នៅក្នុងតំបន់ ឬគោលដៅទេសចរណ៍ក្នុងស្រុក ដោយមានការរៀបចំសៀវភៅណែនាំ ឬផ្លាកសញ្ញាដែលងាយយល់ និងងាយចងចាំសម្រាប់ភ្ញៀវទេសចរផ្ទៃក្នុងអំពីប្រការគួរធ្វើ និងមិនគួរធ្វើ (Do and Don’t) នៅតាមតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ព្រមទាំងផ្ទាំងរូបភាពណែនាំ ដែលមានការរៀបចំជា QR Code ដើម្បីឱ្យភ្ញៀវទេសចរអាចស្កេន និងទទួលបាននូវការណេនាំទាំងនោះក្នុងទូរស័ព្ទដៃរបស់ខ្លួន។

ក្រសួងទេសចរណ៍ក៏បានផលិតវីដេអូ ចេញផ្សាយឯកសារ និង QR-Code សម្រាប់ចូលមើលនិងទាញយកឯកសារគោលការណ៍ណែនាំប្រការគួរធ្វើ និងមិនគួរធ្វើ (Do and Don’t) សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុងតាមគន្លងប្រក្រតីភាពថ្មីនេះផងដែរ៕