(ភ្នំពេញ)៖ បណ្ណាល័យព្រឹទ្ធសភាកម្ពុជា ទទួលបានការជួយអភិវឌ្ឍន៍ជាបន្តបន្ទាប់ពីភាគីចិន ជាពិសេសថ្មីៗនេះ ចិនបានជួយអភិវឌ្ឍន៍ឲ្យក្លាយជាបណ្តាល័យអេឡិចត្រូនិក ដែលនឹងចួលរួមចំណែកកាន់តែខ្លាំង ក្នុងការបណ្តុះគំនិតលើការអាន ជាពិសេស ផ្តល់ឱកាសដល់សាធារណជន បានយល់ដឹងកាន់តែច្បាស់អំពីប្រទេសចិន ត្បិតតែ សៀវភៅទាក់ទងពីប្រទេសចិន ទទួលបានការគាំទ្រច្រើនពីប្រិយមិត្តអ្នកអាន ទាំងមន្ត្រីព្រឹទ្ធសភាផ្ទាល់ និងសាធារណជនទូទៅ។

លោកស្រី វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា តាមពិតទៅ ជំនួយរបស់ចិនមានតាំងពី ការជួយកសាងអគារបណ្ណាល័យតាំងពីឆ្នាំ២០០១ រហូតដល់មានការជួយជួសជុលជាបន្តបន្ទាប់ មុនពេលឈានដល់ជំនួយក្រោយបង្អស់ គឺជាការជួយកែលម្អបណ្ណាល័យព្រឹទ្ធសភា ឲ្យកាន់តែទំនើប នោះគឺបណ្ណាល័យអេឡិត្រូនិក តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា។

លោកស្រីថា ជំនួយចុងក្រោយនេះគឺជាសំដៅលើការកែលម្អសាលអាន (Window of China) ដែលមានការតាំងសៀវភៅទាក់ទងនឹងកម្ពុជានិងចិន។ ក្រៅពីនេះ មានការបំពាក់គ្រឿងបរិក្ខា និងប្រព័ន្ធទំនើបកម្មខាងផ្នែកបណ្ណាល័យនេះ។ ក្រៅពីនេះ កន្លងមក ក៏មានផ្តល់ជាសៀវភៅចិន និងការជួយរៀបចំជាធ្វើសិក្ខាសាលាផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងចិន។

លោកស្រីថា ទាក់ទងនឹងសៀវភៅនេះដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសាធារណជន ក៏ដូចជា និស្សិតចូលចិត្តអានច្រើន ជាពិសេស សៀវភៅទាក់ទងប្រជាធិបតេយ្យតាមបែបផែនចិន ដែលបកប្រែជាភាសាខ្មែរ ដោយលោបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវ ជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ពួកគាត់ចូលចិត្តអាន ព្រោះថាពួកគាត់ធ្លាប់រៀនភាសាចិន ជាអ្នកធ្លាប់បានអាហារូបករណ៍ទៅរៀននៅចិន ហើយពួកគាត់ក៏ចង់ដឹងច្រើន អំពីទំនាក់ទំនង រវាងកម្ពុជានិងចិន ពីវប្បធម៌ចិន ការគ្រប់គ្រងតាមបែបផែនចិន វិជ្ជាពេទ្យរបស់ចិន ជាដើម ដែលសុទ្ធតែទទួលបានការចាប់អារម្មណ៍អានច្រើន។

ក្នុងនាមមន្ត្រីព្រឹទ្ធសភា លោកស្រីសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះភាគីចិន ដែលបានជួយអភិវឌ្ឍន៍បណ្ណាល័យព្រឹទ្ធសភា ឲ្យកាន់តែទំនើប ដើម្បីបន្តផ្តល់នូវចំណេះដឹងតាមរយៈការអានសៀវភៅ ជូនដល់សាធារណជន ជាពិសេស ថ្នាក់ដឹកនាំ និងមន្ត្រីព្រឹទ្ធសភា។

«នាងខ្ញុំសូមថ្លែងអំណរគុណ ចំពោះការធ្លាប់បានទទួលការបណ្តុះបណ្តាលផ្នែកបណ្ណាល័យ នៅប្រទេសចិន សូមអរគុណដល់ស្ថានទូតចិន រដ្ឋាភិបាលចិនដែលបានផ្តល់អាហារូបករណ៍សម្រាប់នាងខ្ញុំ ទាក់ទងនឹងជំនាញគ្រប់គ្រងបណ្ណាល័យ សូមអរគុណដល់ស្ថានទូតចិន រដ្ឋាភិបាលចិនដែលបានជួយអភិវឌ្ឍន៍បណ្ណាល័យនៅព្រឹទ្ធសភា ជាប្រភេទប្រព័ន្ធបណ្ណាល័យដែលនាងខ្ញុំធ្លាប់បានឃើញនៅប្រទេសចិន ដែលជាបណ្ណាល័បែបទំនើប ធំទូលាយ ហើយមានសេវាគ្រប់បែបយ៉ាង ហើយពេលនេះ ភាគីចិនបានចាប់ផ្តើមជួយមកដល់បណ្ណាល័យ ជាបណ្តើរៗហើយក៏សូមអរគុណដល់ប្រធានសមាគមអ្នកស្រាវ ជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការដែលតែងតែមកជួយសម្របសម្រួល ហើយក៏អរគុណដល់ប្រធានវប្បធម៌ចិន រហូតដល់មានការគាំទ្រពីស្ថានទូតចិន ក៏ដូចជា រដ្ឋាភិបាលចិន ដូចពេលនេះ សូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ហើយក៏សូមជូនពរដល់ភាគីចិន ក៏ដូចជា វិទ្យុមិត្តភាពកម្ពុជា-ចិន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមឲ្យមានសុខភាពល្អទាំងអស់គ្នា»

គួរបញ្ជាក់ថា ថ្មីៗនេះ ស្លាកសមិទ្ធផលលើការជួសជុលអគារក្រហម និងបណ្ណាល័យព្រឹទ្ធសភា ដែលជាជំនួយរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបត្រូវបានរៀបចំពិធីសម្ពោធ ក្រោមអធិបតីភាពឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត ចិន ប្រចាំ កម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា រាជធានីភ្នំពេញ។

ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានៃប្រទេសកម្ពុជា ក្នុងពេលនោះ បានវាយតម្លៃខ្ពស់ដោយសេចក្តីពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលតែងមានទំនាក់ទំនងជាប្រចាំ និងកាន់តែប្រសើរឡើង បើទោះបីជាស្ថិតក្នុងការលំបាកដោយសារ ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។ នេះបង្ហាញឲ្យឃើញពីទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំ និង ភាពធននឹងវិបត្តិ មិនថាសម្រាប់ពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត ដែលទំនាក់ទំនងមិត្តភាពដែកថែបនេះ នឹងក្លាយទៅជាផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងកូនចៅកម្ពុជា-ចិន គ្រប់ជំនាន់ទៅមុខទៀត។

ឯកឧត្តមកិត្តិសង្គហបណ្ឌិតបានរំលឹកថា ជំនួយរបស់ប្រទេសចិន មកព្រឹទ្ធសភាកម្ពុជា នៅពេលនេះ មិនមែនជាជំនួយលើកទី១ ហើយរឹតតែមិនមែនជាជំនួយលើកចុងក្រោយនោះទេ ដោយសារតែប្រទេសចិនតែងយកចិត្តទុកដាក់ជួសជុល និងកែលម្អឲ្យកាន់តែប្រសើរទៅលើរាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលជាជំនួយរបស់ប្រទេសចិន។ ជាក់ស្តែង អគារបណ្ណាល័យនេះត្រូវបានសាងសង់ ក្រោមជំនួយកិច្ចសហប្រតិបត្តិការរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយនាពេលនេះ ត្រូវបានជួសជុលធ្វើទំនើបកម្មមកក្លាយជាបណ្ណាល័យអេឡិចត្រូនិច ដែលនេះគឺជាកាយវិការដ៏សប្បុរស ល្អប្រពៃ និងយកចិត្តទុកដាក់ខ្ពស់របស់មិត្តចិន មកលើប្រទេសកម្ពុជា៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)