(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានធ្វើដំណើរតាមរថយន្ត ដើម្បីអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ វត្តមឿងចារ្យលិខិតារាម ស្ថិតនៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

សម្តេតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook នៅម៉ោងប្រមាណជា៦ព្រឹកថ្ងៃនេះថា «ខ្ញុំកំពុងធ្វើដំណើរទៅចូលរួម ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមឿងចារ្យលិខិតតារាម នៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ វិស័យពុទ្ធចក្រ និងអាណាចក្របាន និងកំពុងរីកចំរើនជាមួយគ្នា និងបំពេញឱ្យគ្នាក្រោមដំបូលសន្តិភាព។ សូមជូនកុសលផលបុណ្យ ដល់ជនរួមជាតិគ្រប់ៗគ្នា»

សូមជំរាបថា បន្ទាប់ពីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានា នៅក្នុងខេត្តតាកែវ សម្តេចតេជោ ហ៊ុន​ សែន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ស្អែកនេះ ក៏នឹងអញ្ជើញសម្ពោធរោងចក្រទី១០០ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុផងដែរ៕