(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយមន្រ្តី-បុគ្គលិកអង្គភាពស៊ីម៉ាក់ ដែលជាមុខសញ្ញាយោធិនចូលនិវត្តន៍។

ការចុះជួបសំណេះសំណាលនេះ ក៏មានការចូលរួមពីឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានយោធសេវា និងជាប្រធានក្រុមការងារត្រួតពិនិត្យវាយតម្លៃ គោលនយោបាយក្រសួងការពារជាតិផងដែរ។

លោក ហេង រតនា បានបញ្ជាក់ថា ការដាក់ឲ្យចូលនិវត្តន៍វគ្គទី៥ ឆ្នាំ២០២២នេះ មានមន្ត្រីអង្គភាពស៊ីម៉ាក់ចំនួន ៣៥៤នាក់ ហើយបើគិតចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់វគ្គទី៥ (បច្ចុប្បន្ន) មន្ត្រី-បុគ្គលិករបស់អង្គភាពស៊ីម៉ាក់សរុបចំនួន ១,៣៧៣នាក់ ត្រូវបានបញ្ចូលក្របខ័ណ្ឌក្នុងកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ដើម្បីទទួលបានរបបយោធិន។

លោក ហេង រតនា ក៏បានគោរពអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដែលបានអនុញ្ញាតឲ្យមន្រ្តីរបស់អង្គភាព CMAC បានចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ ដើម្បីទទួលបានរបបសោធននេះ។

គួររំលឹកផងដែរថា មន្រ្តីស៉ីម៉ាក់ ជាយោធិនពលី ពិការ និងសោធននិវត្តន៍ ដែលទទួលបានការបញ្ចូលក្របខណ្ឌ កងយោធពលខេមរភូមិន្ទ ប្រយោជន៍ទទួលរបបសោធននេះ គឺសុទ្ធសឹងតែជាអតីតកងកម្លាំង និងកងទ័ពដែលពួកគាត់យកជីវិតរបស់ខ្លួន ក្នុងការរំដោះផ្ទៃដីមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះ ដូច្នេះហើយដើម្បីជាការដឹងគុណ ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចូលក្របខណ្ឌ ក្នុងកងយោធពលខេមរភូមិន្ទ ប្រយោជន៍ដើម្បីទទួលបានគោលរបបសោធន៕