(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌបឹងកេងកង មានរៀបចំកម្មវិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៧ ឆ្នាំ២០២២ នៃរដ្ឋបាលខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង ព្រមទាំងលោក លោកស្រី អភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យទាំង១១ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ចៅសង្កាត់ទាំង៧ ព្រមទាំងបណ្តាក្រុមហ៊ុនដែលត្រូវដេញថ្លៃនាព្រឹកនេះ។

លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេង បានឲ្យដឹងថា ឆ្នាំនេះជាឆ្នាំទី៣ របស់ក្រុមប្រឹក្សា សង្កត់អាណត្តិទី៥ បានលើកផែនការអភិវឌ្ឍន៍ ប្រចាំឆ្នាំរបស់ខ្លួន តាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ដោយក្រុមប្រឹក្សា សង្កាត់នីមួយៗ មានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សារាជធានីភ្នំពេញ មានការណែនាំពីទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ ថ្នាក់រាជធានីភ្នំពេញ មន្ទីរផែនការ ទីចាត់ការផែនការ និងវិនិយោគរាជធានី ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

លោកបន្តថា «ក្នុងឆ្នាំនេះ យើងបានដំណើរការដេញថ្លៃគំរោងរបស់សង្កាត់ទាំង៧ បានខិតខំកែលំអសោភ័ណ្ឌភាព កសាងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត ដូចជាការជួសជុល ផ្លូវបេតុង គ្មានសរសៃដែក ជីកដាក់លូរំដោះទឹក ជួសជុលផ្លូវអ៊ុតកៅស៊ូជាដើម»

លោក ហ៊ុន សុរិទ្ឋី បានលើកឡើងថា ក្រុមហ៊ុនត្រូវមានក្រមសីលធម៌ មានបទពិសោធន៍កន្លងមក មានក្រុមហ៊ុនទទួលការបានចូលរួមក្នុងកិច្ចលទ្ធកម្មនេះជាច្រើន ក្នុងនោះមានក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាង តំលៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគំរោង មានភាពរយីករយាកយឺតពេល គ្មានសោភ័ណ្ឌភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះ ចូលមកបំផ្លាញគម្រោងរបស់សង្កាត់តែម្តង។ តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំ មានការទទួលខុសត្រូវ នឹងអនុវត្តបានល្អ រហូតទទួលបាននូវប័ណ្ណសរសើរពីសាលារាជធានីភ្នំពេញទៀតផង។

នៅក្នុងឱកាសនោះដែរ លោកក៏បានណែនាំ ដល់ក្រុមហ៊ុនចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាឲ្យបានច្បាស់លាស់ពីតំលៃ និងស្ថានភាពទីតាំងគំរោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្ងៃ។ កុំឲ្យមានការដេញបែបបំផើមចោល បានន័យថា ក្រុមហ៊ុនដេញថ្លៃបានហើយ បែរជាអនុវត្តមិនបាន។

ជាមួយគ្នានេះ លោក សុខ សម្បត្តិ បានស្នើឲ្យគណៈកម្មការលទ្ធកម្មសង្កាត់នីមួយៗ ត្រូវពិនិត្យឲ្យបានហ្មត់ចត់ ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ក្នុងតម្លៃទាបត្រូវធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគំរោងជាប្រចាំ និងត្រួតពិនិត្យវាយតំលៃ តាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋ អោយបានល្អ ជាពិសេសត្រូវរៀបចំកិច្ចសន្យា គំរោង កុំគិតតែពីប្រាក់ចំណេញពេក ដែលអាចគ្មានគុណភាពក្នុងការអនុវត្តគម្រោង៕