(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ផ្លូវល្បឿនលឿនថ្មីមួយទៀតពីភ្នំពេញ-ក្រុងបាវិត គ្រោងបើកការដ្ឋានសាសង់នៅពាក់កណ្តាលឆ្នាំ២០២៣។ ផ្លូវនេះគ្រោងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងដូចនេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញ រួមទាំងក្រុមហ៊ុនសាងសង់ ចុះពិនិត្យលើកចុងក្រោយលើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ។

ពាក់ព័ន្ធនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូច្នេះ «យើងបានចុះអនុស្សរណៈយោគយល់គ្នា (MoU) រួចហើយជាមួយក្រុមហ៊ុន CRBC យើងនឹងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀមនៅខែវិច្ឆិកានេះ ហើយក្រុមហ៊ុននឹងធ្វើការសិក្សាជាមួយការ ត្រៀមរៀបចំចុះកិច្ចព្រមព្រៀងសម្បទានឱ្យបានមុនដាច់ឆ្នាំនេះ ដើម្បីបានបើកការដ្ឋាននៅឆ្នាំក្រោយ យើងគ្រោងនឹងបើកការដ្ឋានឱ្យបាន នៅពាក់កណ្តាលឆ្នាំ២០២៣»

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការរៀបចំដំណើរការបានយ៉ាងលឿននេះ ដោយសារក្រុមហ៊ុន CRBC មានបទពិសោធន៍ធ្លាប់បានសាងសង់ផ្លូវល្បឿនលឿន មួយខ្សែរួចហើយ រួមទាំងមានទាំងសម្ភារៈគ្រប់គ្រាន់ និងអាចដឹងពីបញ្ហាធាតុអាកាសនៅក្នុងប្រទេសកម្ពុជាបានត្រឹមត្រូវផងដែរ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ ធ្លាប់មានក្រុមហ៊ុនចិនឈ្មោះ CRIG បានចុះកិច្ចព្រមព្រៀមក្របខណ្ឌជាមួយក្រសួងម្តងរួច ហើយ ដោយតម្រូវឱ្យធ្វើការសិក្សាឱ្យបានចប់ក្នុងរយៈពេល១០ខែ ក្នុងនោះក្រុមហ៊ុនសិក្សាមិនចប់ក្នុងពេលកំណត់នោះឡើយ ហើយបានពន្យារពេលរហូតដល់ ៣ឆ្នាំ នៅតែសិក្សាមិនបានចប់ និងត្រូវតាមលក្ខណៈបច្ចេកទេសនោះឡើយ ទើបក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើរបាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន អំពីភាពយឺតយ៉ាវនេះ និងបានបញ្ចប់ជាមួយក្រុមហ៊ុននោះតែម្តង។

សម្រាប់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់មួយទៀតសម្រាប់កម្ពុជា៕