(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជិត២រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ យន្ដហោះដែលសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រីនៃកម្ពុជា ជិះដើម្បីធ្វើដំណើរទៅសហរដ្ឋអាមេរិកនោះ កំពុងចុះចាក់សាំងនៅ OSAKA ប្រទេសជប៉ុន។

តាមរយៈ Telegram ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចបានបញ្ជាក់ថា បន្ទាប់ពីចាក់សាំងរួច យន្ដហោះបន្ដត្រូវហោះទៅ Alaska សហរដ្ឋអាមេរិក ដែលត្រូវចំណាយពេល៦ម៉ោង និង៥៤នាទីទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កំពុងចុះចាក់សាំងនៅ OSAKA ប្រទេសជប៉ុន បន្ទាប់មកត្រូវហោះទៅ Alaska សហរដ្ឋអាមេរិក ដែលត្រូវចំណាយពេល៦ម៉ោងនិង៥៤នាទីទៀត»

សូមជម្រាបថា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជា ដើម្បីអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧, បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេស៉ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២៕