(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់អាទិភាពដល់ការជំរុញឌីជីថលូបនីយកម្មក្នុងដំណើរការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងជំរុញឱ្យគ្រប់ភាគីក្នុងវិស័យទេសចរណ៍ផ្ដោតសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាឱ្យបានច្រើន។ នេះបើតាមសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ដើម្បីជាការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍» សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមានការចូលរួមផុសផុលបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងភាគីរដ្ឋ ឯកជន សហគមន៍ទេសចរណ៍ ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ។

សម្ដេចតេជោបានជំរុញការកសាងផែនការរួមគ្នា ការប្រើប្រាស់រួមគ្នា និងអភិបាលកិច្ចស៊ីសង្វាក់រួមគ្នា ដោយឈរលើអភិក្រម «ពីក្រោមឡើងលើ» នៅតាមគោលដៅទេសចរណ៍អាទិភាព ក្នុងនោះត្រូវពង្រឹងការរៀបចំយន្តការគ្រប់គ្រងគោលដៅទេសចរណ៍ (DMO) ដែលអនុញ្ញាតឱ្យគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន សហគមន៍ទេសចរណ៍ ពិសេសអនុញ្ញាតឱ្យអាជីវកម្មទេសចរណ៍គ្រប់កម្រិត ទាំងខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឱ្យមានការ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ក្នុងដំណើរការអភិវឌ្ឍទេសចរណ៍ និងការបង្កើនភាពប្រកួតប្រជែងគោលដៅរបស់ខ្លួន។

សម្ដេចតេជោក៏បានជំរុញទៅលើការផ្តល់អាទិភាពដល់ឌីជីថលូបនីយកម្មក្នុងដំណើរការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដើម្បីពង្រឹងភាពធន់ ចីរភាព គុណភាព និងឧត្តមភាពប្រកួតប្រជែង ចូលរួមគាំទ្រដល់ការកសាងសេដ្ឋកិច្ច សង្គមឌីជីថល សេដ្ឋកិច្ចច្នៃប្រឌិត សេដ្ឋកិច្ចចក្រា និងសេដ្ឋកិច្ចបៃតងនៅកម្ពុជា។

ជាមួយនឹងការប្រែប្រួលដ៏ឆាប់រហ័សនៃឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ ដែលបានធ្វើឱ្យប្រែប្រួលលើទិដ្ឋភាពនៃទីផ្សារការងារសម្រាប់បុគ្គលិក ដោយក្នុងនោះតម្រូវការអ្នកជំនាញទេសចរណ៍ ដែលមានចំណេះដឹង និងជំនាញថ្មីៗ ដែលទាមទារឱ្យមានការពង្រឹងការបណ្តុះបណ្តាល និងតម្រង់ទិស ទាំងការពង្រឹងជំនាញដែលមានស្រាប់ និងបណ្តុះបណ្តាលជំនាញបន្ថែម (Reskilling & Upskilling) ដើម្បីផ្តល់លទ្ធភាពឱ្យកំលាំងពលកម្មក្នុងវិស័យទេសចរណ៍មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបត់បែនទៅតាមនិន្នាការទេសចរណ៍។

សម្ដេចរីករាយជាខ្លាំងដែលកម្ពុជាត្រូវបានទេសចរអន្តរជាតិបោះឆ្នោតផ្ដល់មតិគាំទ្រ និងទទួលរង្វាន់ពីអង្គភាពរង្វាន់ទេសចរណ៍ពិភពលោក (World Tourism Award) ជាគោលដៅទេសចរណ៍វប្បធម៌នាំមុខក្នុងទ្វីបអាស៊ី ឆ្នាំ២០២២ (Asia’s Leading Culture Destination Award 2022) និងជាគោលដៅទេសចរណ៍យុវជននាំមុខក្នុងទ្វីបអាស៊ី ឆ្នាំ២០២២ (Asia’s Leading Youth Travel Destination Award 2022)។ ដូច្នេះសម្ដេចក៏បានជំរុញពិពិធកម្មការអភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព ភាពទាក់ទាញ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ព្រមទាំងជំរុញពិពិធកម្មការផ្សព្វផ្សាយតាមគ្រប់រូបភាព។

សម្ដេចតេជោបានផ្ដល់អនុសាសន៍ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី រួមមាន កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន (ASEAN) ក្នុងក្របខណ្ឌអេកម៉ិក (ACMECS) ក្នុងក្របខណ្ឌ CLMV (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម) ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) និងសហគមន៍ទេសចរណ៍អន្តរជាតិជាច្រើនផ្សេងទៀត ដើម្បីទ្រទ្រង់ដល់ការជំរុញលំហូរទេសចរអន្តរជាតិមកកម្ពុជា។

សូមជម្រាបថា កម្ពុជាបានបើកសកម្មភាពសេដ្ឋកិច្ចសង្គមពេញលេញលើគ្រប់វិស័យ និងទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក ហើយកម្ពុជាត្រូវបានទទួលស្គាល់ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង។ បច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងទទួលនូវកំណើនភ្ញៀវទេសចរអន្តរជាតិជាបណ្តើរៗ ហើយរំពឹងថានៅឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ១.៥លាននាក់ទៅ២លាននាក់ និងប្រមាណ៧លាននាក់នៅឆ្នាំ២០២៦៕