(ភ្នំពេញ)៖ នៅចំពោះមុខកងកម្លាំងខណ្ឌ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានណែនាំដល់មន្ត្រីក្នុងមូលដ្ឋានទាំងអស់ ត្រូវសហការគ្នាដើម្បីបម្រើប្រជាពលរដ្ឋ និងធ្វើខណ្ឌឱ្យព្រែកព្នៅ ក្លាយជាទីទំនុកចិត្តពីប្រជាពលរដ្ឋល្អរបស់អាជ្ញាធរ ហើយកងកម្លាំងប្រដាប់អាវុធ ក៏ជាកងកម្លាំងបម្រើប្រជាពលរដ្ឋដ៏ល្អ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការណែនាំបែបនេះ របស់លោក ធឹម សំអាន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយកងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ, កម្លាំងកងរាជអាវុធហត្ថខណ្ឌ និងបានយកអំណោយមួយចំនួន ចែកជូនកងកម្លាំងទាំង០២មាន៖ សម្ភារមួយចំនួន និងថវិកាក្នុងម្នាក់ៗ ៤០០០០រៀល។

ជាមួយគ្នានេះដែរ លោក ធឹម សំអាន បានណែនាំឱ្យកងកម្លាំងទាំងអស់ ត្រូវពង្រឹងការងារចុះរៀបចំសណ្តាប់ធ្នាប់ជាប្រចាំនៅគ្រប់ផ្លូវទាំងអស់ ជាពិសេសតំបន់គល់ស្ពានព្រែកព្នៅ ផ្លូវជាតិលេខ៥ ចំណុចយឿត្រី។ ពិតណាស់ថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើឱ្យប៉ះពាលដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន តែប្រជាពលរដ្ឋភាគច្រើនមានការសាទរដល់កងកម្លាំង ក៏ដូចជាអាជ្ញាធរខណ្ឌ ដូច្នេះយើងត្រូវអនុវត្តតាមមតិភាគច្រើន។

លោកអភិបាលខណ្ឌ បានបន្តថា «យើងនាំគ្នាធ្វើល្អទៅប្រជាពលរដ្ឋលោកសរសើរ ហើយខ្លាចតែយើងមិនធ្វើ។ មតិភាគតិចណាស់ ដែលគេរិះគន់ពេលដែលយើងធ្វើ តែមតិភាគច្រើនណាស់ដែលគេសរសើរយើង ដូច្នេះយើងត្រូវតែធ្វើតាមមតិភាគច្រើន។ ធម្មតាធ្វើអីក៏ខុសដែរ អ្នកលក់លើចិញ្ចើមផ្លូវ គាត់មិនសប្បាយនៅពេលដែលយើងរៀបចំសណ្តាប់ធ្នាប់ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនគាត់សប្បាយចិត្តពេលឃើញសណ្តាប់ធ្នាប់មានរបៀបរៀបរយ ដូច្នេះចាប់ពីពេលនេះ ទៅត្រូវរួមគ្នាពង្រឹងការងាររៀបចំសណ្តាប់សាធារណៈបន្ថែមទៀត»