(ភ្នំពេញ)៖ ខេត្តគោលដៅចំនួន៦ មានខេត្តសៀមរាប ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំ ទទួលបានប្រាក់កម្ចីពីគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មសម្រាប់សមាសភាគទី១ (ACSEP PIU1) ដែលអនុវត្តដោយនិយ័តករបរធនបាលកិច្ច (ន.ប.ធ)។

ដើម្បីផ្ដោតលើការអនុវត្តឱ្យបានត្រឹមត្រូវ និយ័តករបរធនបាលកិច្ចបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្ចីវិនិយោគលើវិស័យកសិកម្មក្នុងក្របខណ្ឌគម្រោង ACSEP ក្នុងគោលបំណង៖ ១.ចែករំលែកព័ត៌មានអំពីគម្រោងផ្តល់ប្រាក់កម្ចីរបស់គម្រោង ACSEP សមាសភាគទី១ ដល់ស្ថាប័នហិរញ្ញវត្ថុដៃគូ សហគ្រាសផលិត និងសហគមន៍កសិកម្មដែលពាក់ព័ន្ធ, ២.ផ្សព្វផ្សាយអំពីក្រុមគោលដៅ និងខេត្តគោលដៅដែលត្រូវទទួលបានប្រាក់កម្ចី, ៣.ផ្សព្វផ្សាយអំពីលក្ខណ្ឌតម្រូវនានាក្នុងការទទួលបានប្រាក់កម្ចី និង៤.ផ្សព្វផ្សាយអំពីនីតិវិធីរៀបចំឯកសារកម្ចី។

សិក្ខាសាលានេះបានរៀបចំឡើងនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ និងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោង ACSEP PIU1 លោក សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ACSEP PIU1 លោក អ៉ឹង វណ្ណា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង ACSEP PIU3 លោក ឆេង វិបុលរិទ្ធ ប្រធានគ្រប់គ្រងគម្រោង ACSEP PIU2 និងជាតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Takeshi Ueda តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ក្រៅពីនោះមានការចូលរួមពីសមាជិក និងទីប្រឹក្សាជាតិនិងអន្តរជាតិរបស់ ACSEP PIU1 តំណាងមកពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច តំណាងមកពី ADB តំណាងអង្គភាពគ្រប់គ្រងគម្រោងមកពីក្រសួងកសិកម្ម តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងមន្ទីរកសិកម្មខេត្តគោលដៅទាំង៦មានខេត្តសៀមរាប ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម និងខេត្តត្បូងឃ្មុំ និងតំណាងមកពីស្ថាប័នហិរញ្ញវត្ថុដៃគូ៕