(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា ប្រធានការិយាល័យកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យអង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ឬហៅថា សាលាក្តីខ្មែរក្រហម បានឱ្យដឹងថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០០៦ រហូតមកដល់ខែសីហា ឆ្នាំ២០២២ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានចំណាយថវិកាចំនួន ៣៣៧,៧០លានដុល្លារ ទៅលើបេសកកម្មរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលមានភាគីចម្រុះ គឺភាគីកម្ពុជា និងអង្គការសហ ប្រជាជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកាសសាលដីកាលើសំណុំរឿង០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្នុងចំណោមថវិកាទាំងនេះ មានការចំណាយរបស់ភាគីជាតិនៃសាលាក្តីខ្មែរក្រហមចំនួន ៩៨,៦លានដុល្លារ និងភាគីអន្តរជាតិចំណាយអស់ថវិកាចំនួន ២៣៩លានដុល្លារ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ម្ចាស់ជំនួយលើបេសកកម្មរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងរយៈពេល ១៦ឆ្នាំមកនេះ គឺមានសរុបទាំងអស់មានចំនួន ៣៩ប្រទេស ដែលក្នុងនោះ ក៏មានទាំងក្រុមហ៊ុនឯកជនផងដែរ។ ក្នុងចំណោមម្ចាស់ជំនួយទាំងនោះ គឺប្រទេសជប៉ុនជាម្ចាស់ជំនួយធំជាងគេ ដែលបានផ្តល់ថវិកាវិភាគទានរហូតដល់៨៨,២៦លានដុល្លារ ស្មើនឹង៣១ភាគ រយ នៃការចំណាយសរុបរបស់តុលាការ ខណៈម្ចាស់ជំនួយធំទី២ គឺរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វិភាគ ទានថវិកា និងសម្ភារសរុបជាទឹកប្រាក់ចំនួន ៤៥,៥លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ១៤ភាគរយ។

លោក នេត្រ ភក្ត្រា បានបន្តថា បន្ទាប់មកទៀត មានប្រទេសអូស្ត្រាលី ចំនួនទឹកប្រាក់ ៣៥លានដុល្លារអាមេរិក, សហរដ្ឋអាមេរិកចំនួន៣២លានដុល្លារ, សហភាពអឺរ៉ុបចំនួន ៣២លានដុល្លារ, អាល្លឺម៉ង់ចំនួន ១៤លានដុល្លារ, ស៊ុយអែតចំនួន ១៤លានដុល្លារ, អង់គ្លេសចំនួន១៣លានដុល្លារ, និងបារាំងចំនួន១០លានដុល្លារ។ ជាមួយគ្នានេះ ក៏មានបណ្តាប្រទេសផ្សេងៗទៀតផងដែរ។

បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានបញ្ជាក់ថា អ.វ.ត.ក. នៅមានការងារសំខាន់ៗចំនួន ២ទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវកិច្ចព្រមព្រៀងបន្ថែមជាមួយអង្គការសហប្រជាជាតិ សម្រាប់អនុញ្ញាតឱ្យ អ.វ.ត.ក. អនុវត្តបន្តនូវមុខងារដែលនៅសេសសល់ រួមមានទី១៖ ការគ្រប់គ្រងបណ្ណសារ នៃសំណុំរឿងកាត់សេចក្តីរបស់ អ.វ.ត.ក. គឺត្រូវរក្សាទុកឱ្យអនុលោមទៅតាមស្តង់ដារអន្តរជាតិ និងអនុញ្ញាតឱ្យសាធារណជនអាចចូលពិនិត្យមើល និងសិក្សាបានយ៉ាងទូលំទូលាយនិងទី២៖ ការងារអប់រំ និងផ្សព្វផ្សាយស្តីពីសមិទ្ធផលរបស់ អ.វ.ត.ក. គឺមានសារៈសំខាន់ដែលគប្បីជំរុញអនុវត្តឱ្យកាន់តែទូលំទូលាយដល់សាធារណជន និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ ព្រមទាំងលើកកម្ពស់ការងារកេរដំណែលរបស់ អ.វ.ត.ក. ឱ្យកាន់តែមានលក្ខណៈរឹងមាំ ដើម្បីបន្តអប់រំដល់មនុស្សជំនាន់ក្រោយ ក្នុងគោលដៅទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍នៅកម្ពុជា ក៏ដូចជានៅលើសកលលោក។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ត្រូវបានរៀបចំឡើង ក្រោមកិច្ចព្រមព្រៀងរវាងភាគី រាជរដ្ឋាភិបាលកម្ពុជាជាមួយអង្គការសហប្រជាជាតិ នៅខែមិថុនា ឆ្នាំ២០០៣ ប៉ុន្ដែតុលាការនេះ គឺជាតុលាការឯករាជ្យម្ចាស់ការ មិនចំណុះរាជរដ្ឋាភិបាលឬអង្គការសហ ប្រជាជាតិទេ ដើម្បីដំណើរការកាត់សេចក្ដីឧក្រិដ្ឋកម្មលើមេដឹកនាំកំពូលៗ ដែលបានប្រព្រឹត្ដឡើងនៅប្រទេសកម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩៕