(ឧត្តរមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងាររបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាំយកគ្រឿងឧបភោគបរិភោគប្រគល់ ជូនដល់កងកម្លាំងឈរជើងនៅបន្ទាត់ព្រំដែនកម្ពុជាថៃខេត្តឧត្តរមានជ័យ ក្នុងឱកាសកាន់បិណ្ឌ នៅវរៈសេនាតូចនគរបាលការពារព្រំដែនគោក ៩០៥ និង វរៈសេនាតូចនគរបាលការពារព្រំដែនគោក៧០២ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកតែងតែយកចិត្តទុកដាក់ដល់កងកម្លាំងនគរបាល តាមមូលដ្ឋាននានា។

លោកបានបន្តថា សន្ទុះនៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាបានបង្ហាញ ឲ្យឃើញច្បាស់តាមរយៈសមិទ្ធផលនានា ដែលបានរីកដុះដាលយ៉ាងព្រោងព្រាត នៅគ្រប់ទីកន្លែងទូទាំងប្រទេស ឆ្លងតាមស្នាដៃនេះ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទទូទាំងប្រទេសបានផ្តល់សេចក្ដីទុក្ខចិត្ត និងគាំទ្របោះឆ្នោតជូនសម្ដេចតេជោបន្តដឹក នាំប្រទេសគ្រប់អណត្តិតរៀងទៅ។

លោកក៏បានលើកពីវីរភាពអង់អាចក្លាហានលះបង់អ្វីៗ គ្រប់បែបយ៉ាង រួមទាំងជីវិតនិងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីជាតិ និងបូរណភាពដែនដីនៃមាតុភូមិ នៅតែមានតម្លៃជាដរាប សម្រាប់បុព្វហេតុបំរើ គោលនយោបាយរបស់រាជរដ្ឋាភិបាល លើទស្សនវិស័យ ធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

លោកបានជំរុញថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ត្រូវបង្កើន ការយកចិត្តទុកដាក់លើការងារសំខាន់សំខាន់ដូចជា ការងាររួមត្រូវធ្វើយ៉ាងណាពង្រឹងដឹកនាំកងកម្លាំងមានស្មារតីទទួលខុស ត្រូវសម្រាប់ការអនុវត្ត តាមតួនាទី និងភារកិច្ច ត្រូវចេះស្មោះត្រង់ចំពោះប្រជាពលរដ្ឋពិសេសការងារដែលបញ្ជាពីស្នងការដ្ឋាននគរបាលខេត្ត ក្នុងការទទួលខុសត្រូវ និងឆ្លើយតបធ្វើអន្តរាគមន៍ទាន់ពេលវេលា។ ត្រូវជំរុញការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីទប់ស្កាត់បទល្មើសនៅតាមមូលដ្ឋាន ត្រូវត្រៀមជាប្រចាំសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ជួបគ្រោះធម្មជាតិផ្សេងៗ និងត្រូវចេះស្រឡាញ់គ្នាទៅវិញទៅមក អាធ្យាស្រ័យយោគយល់ ដើម្បីឲ្យគាត់ទទួលបាននូវការងារដ៏ល្អ ចេះលើកទឹកចិត្ត និងសរសើរដល់មន្ត្រីដែលធ្វើការជាមួយគ្នា។

គូសបញ្ជាក់ថា អំណោយដែលផ្តល់ជូនទាំង២វរៈសេនាតូច មាន អង្ករ ១០តោន មី២០កេះធំ ទឹកស៊ីអ៊ីវ ៨០កេះ ទឹកត្រី២០កេះ ទឹកផ្លែឈើ ២០០កេះ ត្រីខ១០ កេះធំ និងផ្តល់ជូនថវិកាដល់អង្គភាព៤លានរៀល កងកម្លាំង ៣០៨នាក់ ក្នុងមួយនាក់២០ម៉ឺនរៀល៕