(កណ្ដាល)៖ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានដឹកនាំក្រុមការងារ និងដោយមានការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពញាឮ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រភូមិកំពង់អុស និងភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។ ភូមិសសាស្ត្រនេះត្រូវពលរដ្ឋរាយការណ៍ថា មានបទល្មើសសនេសាទកើតឡើងពេញបន្ទុក។

លោកលើកឡើងថា ផលត្រីឆ្នាំនេះនឹងមានការកើនឡើង ហើយមានគុណភាពល្អផងដែរ ព្រោះថាឆ្នាំនេះទឹកមានចាប់ពីដើមឆ្នាំ ហើយការចុះបង្ក្រាបសៃយឺនស្បៃមុងនេះដែរ មានកូនត្រីចម្រុះជាច្រើនប្រភេទ ដោយក្នុងមួយសៃយឺនស្បៃមុងមានប្រភេទកូនត្រីចម្រុះប្រមាណពី៣០ ទៅ៥០ គីឡូក្រាម។

ក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់មានដូចជា៖ អួនអូសទឹកសាប (ស្បៃមុង) ឧបករណ៍ឆក់ត្រី ឈិបយន្ត កន្ត្រងអូសលៀសដោយម៉ាស៊ីន លបប្រើស១០០(លបនរក) សៃយ៉ឺនស្បៃមុង (លូស្បៃមុង) និងឧបករណ៍នេសាទខុសច្បាប់នានា ត្រូវប្រគល់ជូនអាជ្ញាធរ មានសមត្ថកិច្ច នៅក្នុងមូលដ្ឋានរៀងៗខ្លួននិងត្រូវបញ្ឈប់ការនេសាទខុសច្បាប់ នានាទាំងអស់ ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផលធ្វើឱ្យទិន្នផលត្រីនៅក្នុងខេត្តកណ្ដាលមាន និរន្តរភាពផងដែរ។

សូមបញ្ជាក់ថា ក្នុងការចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិកំពង់អុស និងភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ក្រុមការងារបានធ្វើការបង្ក្រាប សៃយឺនស្បៃមុង ចំនួន៥៥ មាត់លូ របាំងព្រោះស្បៃមុងប្រវែង ៤,២០០ម៉ែត្រ បង្គោលតូចធំ ចំនួន ១,៤០០ ដើម និងបានចាក់លែងកូនត្រីចម្រុះ ប្រមាណ ១៥០គីឡូក្រាមផងដែរ៕