(បាងកង, ថៃ)៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ឆាឡើមផុន ស្រ៊ីសាវ៉ាត់តិ៍ (Chalermphon Srisawasdi) អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីបាងកករយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ជាកិច្ចចាប់ផ្តើម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ មកកាន់ព្រះរាជាណាចក្រថៃ ជាលើកទី២ ដែលពិតជាបានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការល្អជិតស្និទ្ធរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ព្រមជាមួយនឹងការអរគុណចំពោះស្មារតីនៃការបន្តថែរក្សា និងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងដ៏មានសារៈសំខាន់នេះ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនចំពោះ អគ្គមេបញ្ជាការ ព្រមទាំងយោធិននៃកងភូមិន្ទថៃ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រ។

ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានជម្រាបជូន អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគីមិត្តថៃ ជាពិសេសអំពីសមិទ្ធផលជាក់ស្តែង ជាច្រើននៃការអនុវត្ត «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ-ToR» រវាងកងទ័ពជើងគោកទាំងពីរ និងបានស្នើសុំការគាំទ្ររបស់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងភូមិន្ទថៃ លើទិសដៅសហប្រតិបត្តិការសម្រាប់ពេលខាងមុខ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាកងឯកភាពជួរមុខឱ្យបានស្អិតរមួតបន្ថែមទៀតលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែននានា ក៏ដូចជាការសហការជួយគ្នាទៅវិញទៅមកលើការងារ សង្គ្រោះគ្រោះមហន្តរាយនៅតាមបណ្តោយព្រំដែន។

ជាចុងក្រោយ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ បានសម្តែងនូវការគាំទ្រចំពោះទិសដៅសហប្រតិបត្តិការបន្តរវាងកងទ័ពជើងគោកទាំងពីរ និងបានបញ្ជាក់ផងដែរអំពីការគាំទ្រចំពោះការបំពេញតួនាទី ជាប្រធានអាស៊ានរបស់កម្ពុជា រួមទាំងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងពេលកន្លងមក ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ ក៏ដូចជាការអបអរសាទរចំពោះជោគជ័យនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩ (ACDFM-19) កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលអាចដំណើរការក្នុងទម្រង់ជួបប្រជុំផ្ទាល់ ដោយយោងទៅលើស្ថានភាពល្អប្រសើរនៃជំងឺកូវីដ១៩ នៅកម្ពុជា ក្រោមការដឹកនាំគ្រប់គ្រងប្រកបដោយភាពម៉ឺងម៉ាត់ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន៕