(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយ មានជ័យ និងលោកស្រីឧកញ៉ាហេមចិន្តា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ចើញកាន់បិណ្ឌ វេនទី១០ និងសំណេះសំណាលជាមួយពុទ្ធបរិស័ទ និងលោកតា លោកយាយ នៅវត្តហ្លួងស៊ីសុវត្ថិរតនារាម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លើកឡើងនាឱកាសនោះលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខ និងកោតសសើរដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាជាមួយ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ថែរក្សាបាននូវសុខសន្តិភាព ចាក់វ៉ាក់សាំងបង្កើតភាពសាំប្រឆាំងកូវីដ១៩ ដែលអាចឱ្យរាជរដ្ឋាភិបាល បើកប្រទេសដំណើរ ការសេដ្ឋកិច្ចឡើងវិញ ជីវភាពប្រសើរឡើង និងបានជួបជុំគ្នាធ្វើបុណ្យទាន។

លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្ថែមថា ការរីកចម្រើនរបស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមពីមនុស្សគ្រប់ជំនាន់ ពិសេសមនុស្សដែលមាន វ័យចំណាស់នាពេលនេះ ដែលគាត់បានចូលរួមច្រើនណាស់ តស៊ូបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុសន្តិភាព និងភាពសុខសាន្តរបស់មនុស្សជំនាន់ក្រោយ ដែលតំរូវឱ្យយើងត្រូវតែយកចិត្តទុកដាក់មើលថែរក្សាពួកគាត់ឱ្យបានល្អ។

ជាមួយគ្នានឹងបុណ្យកាន់បិណ្ឌនេះ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកស្រី ក៏បានឧទ្ទិសកុសលជូនដល់ញាតិការទាំងពីរសណ្តាន និងបុព្វយុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុជាតិមាតិភូមិ និងបានប្រមូលបានបច្ច័យសរុប ២៥,៩០០ដុល្លារ និង ១៨,១៣០,០០០ម៉ឺនរៀល ក្នុងនោះបច្ច័យផ្ទាល់របស់លោក កែ គឹមយ៉ាន និងលោកស្រីមានចំនួន ២ម៉ឺនដុល្លារ សម្រាប់សាងសង់ផ្ទះបាយព្រះសង្ឃ និងសមិទ្ធិផលនានានៅក្នុងវត្តហ្លួង។

ជាមួយនឹងទឹកចិត្តពោរពេញដោយសុទ្ធាជ្រះថ្លាលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ បានចែកជូនអំណោយដល់មនុស្សវ័យចាស់ ដែលមកពីឃុំទាំង១៣ នៃស្រុកមង្គលបុរី ក្រុមគ្រួសារមានសមាជិកស្លាប់ដោយជំងឺកូវីដ១៩ កន្លងមក និងគ្រួសារស្លាប់ដោយទឹកជំនន់សរុបរួម ៣២១នាក់ ក្នុង ១គ្រួសារៗ ទទួលបាន៖ អង្ករ២០គីឡូ ថវិកា៥ម៉ឺនរៀល ក្រម៉ា១ កំសៀវដាំ ទឹកអគ្គិសនី១ ពិលជួតក្បាល១ សារុង១ ទឹកដោះគោ២កំប៉ុង តែ១កញ្ចប់ ស្ករស១គីឡូ មី៥កញ្ចប់ កៅអៀក ខ្លា៥បន្ទះ អំបិលអីយ៉ូត១កញ្ចប់ ប្រេងខ្យង១ដប ទឹកស៊ីអីវ១ដប ទឹកត្រី១ដប ប្រេងឆាដប១លីត្រ១ដប ត្រីខ៥កំប៉ុង និងទឹកសុទ្ធ១យួរ៕