(ភ្នំពេញ)៖ សម្រាប់បុណ្យកាន់បិណ្ឌវេនទី១០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញានេះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងលោកស្រី បានប្រគេនបច្ច័យជូនព្រះសង្ឃជាង ៣២លាន ២សែនរៀល សំរាប់កសាងទីអារាម វត្តប្រសិទ្ធីរីម្មារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីឧទ្ទិសកុសលផលបុណ្យទាំងនេះ ជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

ក្នុងពិធីនោះ ក៏មានការចូលរួមពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ពុទ្ធបរស័ទ ជិត ឆ្ងាយមហាជន ប្រុស ស្រី ក្មេង ចាស់ ដោយមានការប្រគេនយាគូចំពោះព្រះសង្ឃរាប់បាត្រ បង្សុកូល វេរភត្តាហា ប្រគេនព្រះសង្ឃនិងពហូទេវា ដាឆ្លងជាកិច្ចបង្ហើយបុណ្យ។

ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានប្រគេនទ័យទានជាច្រើនមុខដល់ព្រះសង្ឃ ដូចជា សាដកចំនួន០៧ (០៦អង្គ+០១អង្គទេសនា) បាយបត្តបូរចំនួន១០, អង្ករចំនួន១០០គីឡូក្រាម, មីចំនួន២០កេស, ទឹកក្រូចចំនួន៥០កេស, ទឹកបរិសុទ្ធចំនួន១០០កេស, ស្ករសចំនួន៥០គីឡូក្រាម, ត្រីខកំប៉ុងចំនួន០១កេស, ទឹកដោះគោខាប់ចំនួន០១កេស, ផ្លែឈើចំនួន០២កន្ត្រក់, ក្រណាត់សចំនួន២០ដុំ ថវិកា៤០,០០០៛ បច្ច័យប្រគេនព្រះសង្ឃ០៦អង្គ ក្នុង០១អង្គ ចំនួន ៥០,០០០៛ បច្ច័យប្រគេនព្រះចៅអធិការវត្ត ចំនួន ៤០០,០០០៛ បច្ច័យព្រះសង្ឃទេសនា ០១អង្គ ចំនួន ២០០,០០០៛ បច្ច័យលោកអាចារ្យ២នាក់ ១នាក់ ចំនួន ២០០,០០០៛ និងវេរបច្ច័យប្រគេនបច្ច័យជូនចំពោះព្រះសង្ឃ សំរាប់កសាងទីអារាមវត្តនេះចំនួន៣២លាន២សែនរៀល។

បុណ្យកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មតទុកថាជា ថ្ងៃបុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំងប្រទេសនាំគ្នា ទៅធ្វើបុណ្យនៅវត្តដោយ មានទឹកមុខ រីករាយស្រស់ស្រាយពោរពេញទៅដោយជំនឿជឿជាក់ ចំពោះព្រះពុទ្ធសាសនាជឿបុណ្យជឿបាបជឿកម្មផល។

ទាំងអស់គ្នាសសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធម ក្រៃលែងសំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍ និងគួរឱ្យរំភើបរីករាយពន់ប្រមាណ៕