(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានអំពាវនាវអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយរាជធានី-ខេត្ត បង្កើនការយកចិត្តទុកដាក់តាមដានស្ថានភាពទឹកជំនន់នៅតាមមូលដ្ឋានរបស់ខ្លួន និងត្រៀមកម្លាំងចេញអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ។

ការអំពាវនាវរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម សេនាធិការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងពីការរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ពីប្រទេសចិន ដែលនាំឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

ឆ្លើយតបនឹងស្ថានភាពនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានក្រើនរំលឹកដល់មន្ដ្រីពាក់ព័ន្ធទាំងអស់ រួមទាំងកងអន្ដរាគមន៍សំខាន់ៗ ត្រូវតែម្ចាស់ការត្រៀមអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ហើយក្នុងករណីមិនមានលទ្ធភាពដោះស្រាយទេនោះ ត្រូវរាយការណ៍សុំជំនួយបន្ទាន់មកកាន់ថ្នាក់ជាតិ ដើម្បីចល័តចេញជួយអន្ដរាគមន៍ភ្លាមៗ។

តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លែងយ៉ាងដូច្នេះថា «សូមអំពាវនាវដល់លេខាធិការដ្ឋានគ្រប់រាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ និងតាមដានសភាពការណ៍នេះ ហើយអ្វីដែលមិនមានលទ្ធភាពដោះស្រាយ ត្រូវរាយការណ៍មកថ្នាក់ជាតិជាបន្ទាន់ ដើម្បីចេញជួយអន្ដរាគមន៍។ គ្រប់កងឯកភាពនៅទូទាំងប្រទេស ក៏ត្រូវត្រៀមខ្លួនជាស្រេច ដើម្បីជួយប្រជាជនមានការលំបាកជន់លិចដោយសារទឹកភ្លៀងជាបន្ដបន្ទាប់ ហើយកម្លាំងយើងត្រៀមចល័តអន្ដរាគមន៍ភ្លាម»

លោកទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានអំពាវនាវប្រជាពលរដ្ឋដែលនៅតំបន់ងាយរងគ្រោះ ត្រូវយកចិត្តទុកដាក់ស្ដាប់នូវការផ្សព្វផ្សាយរបស់ស្ថាប័នជំនាញ ដែលជូនដំណឹងជាប្រចាំអំពីបញ្ហាអាកាសធាតុ ហើយត្រូវមើលថែរក្សាកូនចៅ ទ្រព្យសម្បត្តិ និងសត្វពាហនៈឱ្យបានល្អ ក្នុងករណីត្រូវការជំនួយអន្ដរាគមន៍ ត្រូវរាយការណ៍បន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាននៅជិតបំផុត។

បើទោះបីជាយ៉ាងណាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយក្នុងការជួយប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ ដោយមានត្រៀមទីទួលសុវត្ថិភាពរួចរាល់ហើយនៅតាមតំបន់ប្រឈមការលិចលង់។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម។

សេនាធិការពោរពេញដោយការទទួលខុសត្រូវខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ ក៏បានឱ្យដឹងផងដែរពីស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ បើតាមលោកទេសរដ្ឋមន្ត្រី ការជន់លិចនៅក្នុងខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ មិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ។ សម្រាប់ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋប្រមាណ ៣៥គ្រួសារ ត្រូវបានជម្លៀសឡើងទីទួលសុវត្ថិភាព។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តី ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៧ ខែកញ្ញា ឆ្នាំ២០២២។ ក្រសួងធនធានទឹកបានបញ្ជាក់ថា សម្ពាធខ្ពស់នៅលើប្រទេសចិន បានរុញច្រានប្រព័ន្ធសម្ពាធទាប (ITCZ) រំកិលចុះមកក្រោម អូសបន្លាយកៀកមកលើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានកម្ពុជា។ ដំណាលគ្នានោះ ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីខ្សោយទៅបង្គួរ។

ក្រសួងបានអំពាវនាវប្រជាពលរដ្ឋ បន្តមានការប្រុងប្រយត្ន័ ចំពោះជំនន់ដែលអាចកើតមក ពីបរិមាណទឹកភ្លៀងច្រើនហួសកម្រិត (Overflow) និងជំនន់ទឹកភ្លៀង (Flash Flood) ដែលនឹងបន្តធ្លាក់បន្ថែមថ្មីផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្ត្រនៃតំបន់ជាប់ជួរភ្នំ, ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្តជាប់ព្រំដែនថៃ៕