(ភ្នំពេញ)៖​ បុរសម្នាក់បានរងរបួសធ្លាយភ្លៅខាងឆ្វេង ខណ:កំពុងអង្គុយហូបបាយនៅមុខផ្ទះ ស្រាប់តែមានជនមិនស្គាល់មុខ២នាក់ជិះម៉ូតូ​ Scoopi ពណ៌សមួយគ្រឿងមិនចាំស្លាកលេខនិងប្រើកាំភ្លើងខ្លីមួយដើម​ បាន​បាញ់ប្រហារចំនួន៣គ្រាប់ រួចបើកម៉ូតូគេចខ្លួនបាត់។

ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនាម៉ោង៨៖០០នាទីយប់ថ្ងៃទី៤​​ ខែមិថុនា ឆ្នាំ២០១៦​ ស្ថិតនៅលើផ្លូវរថភ្លើង​ ត្រង់ភូមិកាកាប ​សង្កាត់កាកាប ខណ្ឌពោធិ៍សែ​នជ័យ​ ដែលករណីនេះ ត្រូវសមត្ថកិច្ចសន្និដ្ឋានបឋមថា អាចផ្តើមចេញពីរឿងគំនុំ។

សាច់ញាតិបានប្រាប់ថា ជនរងគ្រោះឈ្មោះ​ សុខចិន​អាយុ៣៨ឆ្នាំមុខរបរកម្មករ​ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ​។

សាច់ញាតិបានបន្តទៀតថា មុនកើតហេតុ​ ជនរងគ្រោះកំពុងតែអង្គុយហូបបាយ​ ជុំគ្នាជាមួយបងប្អូន៣ទៅ៤នាក់នៅមុខផ្ទះ​ លុះកំពុងតែអង្គុយហូប​ ក៏មិនដឹងជាមានរឿងអី​កើតឡើងនោះទេ​ស្រាប់តែឃើញ​ ខ្មាន់កាំភ្លើង២នាក់ដែលមិនស្គាល់មុខ​ និងមានជិះម៉ូតូ​ Scoopi មួយគ្រឿងមកផងនោះ​ បានឈប់​ នៅលើផ្លូវរថភ្លើង​ ត្រង់មុខផ្ទះជនរងគ្រោះ​ ហើយស្រែកឡូឡានិងជេរគេជេរឯង​មិនដឹងជាខឹង​ អ្នកណានោះទេ​ បន្ទាប់ពីជេរហើយខ្មាន់កាំភ្លើងទាំង២នាក់ ក៏បានដកកាំភ្លើងខ្លីចេញពីចង្កេះហើយបាញ់សំដៅមករកជនរងគ្រោះ ចំនួន៣គ្រាប់​ តែសំណាងល្អជនរងគ្រោះ​ ត្រូវតែ១គ្រាប់​គឺធ្លាយភ្លៅខាងឆ្វេង​ បណ្តាលឲ្យរងរបួសធ្ងន់​។

ក្រោយបាញ់រួច ខ្មាន់កាំភ្លើងទាំង២នាក់ បានជិះម៉ូតូ​ គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល​ ចំណែកជនរងគ្រោះ ដែលរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ​ដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​ លោកសង្ឃ​៕