(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៉ី (LOLC) បានប្រគល់ជូននូវខិត្តប័ណ្ណព័ត៌មានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនចំនួន ៨០.០០០សន្លឹក និងសម្ភារៈមួយចំនួន ដល់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការផ្សព្វផ្សាយបញ្ជ្រាបពីបញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋតាមរយ:គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងក្រសួងសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ពិធីប្រគល់នេះបានធ្វើឡើងនៅការិយាល័យកណ្តាលរបស់អិលអូអិលស៉ី ដោយលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ និងឧត្តមសេនីយ៍ ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក សុខ វឿន បានថ្លែងថា «ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងាររួមរបស់យេីងទាំងអស់គ្នា ដោយមិនអាចចាត់ទុកជាការងារផ្តាច់​មុខ​របស់នរណាម្នាក់ឬក្រុមណា​មួយ​ឡេីយ ការដោះស្រាយគឺត្រូវផ្តើមពីយើងទាំងអស់គ្នា ការលុបបំបាត់គ្រឿងញៀនជាបញ្ហារួមចម្បងដែលយើងគ្រប់គ្នាត្រូវចូលរួមដោះស្រាយ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងនាំមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ»

លោកបានសំណូមពរ ឱ្យអ្នកពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋគ្រប់រូបរួមសហការគ្នា ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀនដែលនាំឲ្យបំផ្លាញសហគមន៍។ លោកបានបន្ថែមទៀតថា អិលអូអិលស៉ី នឹងបន្តគាំទ្រដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងពេញទំហឹងដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឧត្តមសេនីយ៍ ទោ លឹម តុងហួត បានថ្លែងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៉ី ជាដៃគូសហការយ៉ាងសកម្ម ដែលតែងតែគាំទ្រដល់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើការងារផ្សព្វផ្សាយអប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបានជួយការងារសង្គមនានាមានដូចជាការផ្តល់នូវអណ្តូងទឹកស្អាត កន្លែងលាងដៃ តាមសាលារៀន ការប្រយុទ្ធប្រឆាំងការរីករាលជំងឺរាតត្បាតកូវីដ-១៩ ចរាចរណ៍ និងជួយដល់សកម្មភាពសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាដេីម។ ល។

លោកបានបន្ថែមថា ការចូលរួមអនុវត្តនូវយុទ្ធសាស្រ្តពហុវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺត្រូវការចូលរួមជាចាំបាច់ពីគ្រប់វិស័យ ជាពិសេសពីវិស័យឯកជន ដូចដែលអិលអូអិលស៉ី ដែលបាននឹងកំពុងបន្តធ្វើទាំងពេលនេះ និងពេលអនាគត សំដៅធានាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋគ្រប់រួប គ្មានគ្រឿងញៀន គ្មានហិង្សា គ្មានឧក្រិដ្ឋកម្ម។

សូមបញ្ជាក់ថា នេះជាលើកទី៨ហើយ ដែលអិលអូអិលស៉ី បានប្រគល់ជូនអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នូវខិត្តបណ្ណព័ត៌មានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អិលអូអិលស៉ី ក្នុងការបន្តចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា៕