(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអនុញ្ញាតឲ្យគណៈគ្រប់គ្រង នៃវិទ្យាស្ថាន ថាក់ គ្លូបល ចូលជួបសម្ដែងការគួរសម ដើម្បីបង្ហាញពីផែនការយុទ្ធសាស្ដ្រ ក្នុងការចូលរួមអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃវិទ្យាស្ថាន ថាក់ គ្លូបល បានបង្ហាញជូនទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងប្រតិភូនៃក្រសួង នូវសាវតា និងវឌ្ឍភាព របស់វិទ្យាស្ថាន ចាប់តំាងពីពេលដែលវិទ្យាស្ថានចាប់កំណើតឡើង នៅឆ្នាំ២០១៩ និងផែនការយុទ្ធសាស្ត្រ របស់វិទ្យាស្ថាន។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាសប្ដាហ៍មុន។

ជំនួបនេះ មានការចូលរួមពីលោក សាត សាមី រដ្ឋលេខាធិការប្រចាំការ, លោក ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ, ថ្នាក់ដឹកនាំវិទ្យាស្ថាន ថាក់ គ្លូបល ចំនួន២០នាក់ ដែលដឹកនាំដោយលោក យ៉ឹស៊ឹណុគី សុជិ ប្រធានកិត្តិយស និងស្ថាបនិក និងអ្នកស្រី ហ៊ាង អូមួយ ប្រធានក្រុមប្រឹក្សាភិបាល និងប្រធាន និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានលើកឡើងថា វិទ្យាស្ថាន ថាក់ គ្លូ ប៊ល មានដំណើរការយ៉ាងលឿន តាំងពីឆ្នាំ២០២១ រួមទាំង បានចម្រាញ់យកសុទ្ធតែសិស្សឆ្នើម ហើយលោកមានសេចក្ដីរីករាយក្រៃលែង ដែល ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនុវានុវត្តន៍ បានចុះកិច្ចសហប្រតិបត្ដិការ ជាមួយវិទ្យាស្ថាន ស្របពេលកម្ពុជា ត្រូវការធនធានមនុស្សផ្នែកបច្ចេកវិទ្យា និងនុវានុវត្តន៍ច្រើនទៀត។

ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបន្ថែមទៀតថា បន្ទាប់ពីបានឃើញការធ្វើបទបង្ហាញ អំពីសមិទ្ធិផលរបស់វិទ្យាស្ថានកន្លងមក ឃើញថា លទ្ធផលបញ្ជាក់ឲ្យឃើញថា ការបង្រៀនមានភាពល្អប្រសើរ ដែលបានឃើញសិស្សនិស្សិត មានការពេញចិត្តពីការបង្រៀន។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បានកោតសរសើរ ដល់វិទ្យាស្ថាន ដែលគ្រោងនឹងបើកថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានរយៈពេលខ្លី ដែលនេះជារឿងល្អប្រសើរ ហើយស្របតាមសភាពការបច្ចុប្បន្ន ព្រមទាំងគុណភាពទទួលស្គាល់ នៅតំបន់អាស៊ីអាគ្នេយ៍។

គូសបញ្ជាក់ថា ចាប់តាំងពីពេលចាប់ផ្តើមដំណើរការវិទ្យាស្ថាន មានសិស្សានុសិស្សសរុបចំនួន២២៥នាក់ហើយ ដែលទទួលបានអាហារូបករណ៍ ១០០% លើថ្លៃសិក្សា សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញ។

ពួកគាត់បានឆ្លងកាត់ ដោយជោគជ័យ នូវការប្រឡងជ្រើសរើស៣តំណាក់កាលដ៍តឹងរឹង និងកំពុងទទួលនូវការបណ្តុះបណ្តាល រៀងរាល់ចុងសប្តាហ៍រយៈពេល១ឆ្នាំពេញ ដែលក្នុងនោះ ក៏មានរួមបញ្ចូលវគ្គអាជីវកម្មថ្មី និងការស្រាវជ្រាវ ក៏ដូចជាការហាត់ការការងារនៅក្រុមហ៊ុននានាផងដែរ។

ថាក់ គ្លូបល ជាវិទ្យាស្ថានបច្ចេកវិទ្យា ដែលកំពុងរីកលូតលាស់ថ្មី នៅប្រទេសកម្ពុជា ក្រោមការឧបត្ថម្ភទាំងស្រុង ដោយសបុរសជនជប៉ុនមួយក្រុម ដែលមាន ចក្ខុវិស័យ ក្លាយវិទ្យាស្ថានឈានមុខគេ ក្នុងការបង្កើតធនធានមនុស្ស ដែលជាកម្លាំងពលកម្មជំនាញផ្នែកបច្ចេកវិទ្យា វិស្វកម្ម នៅកម្ពុជា និងនៅតំបន់អាស៊ីអាគ្នេយ៍។

វិទ្យាស្ថាន ថាក់ គ្លូបល គ្រោងចាប់ផ្តើមវគ្គបណ្តុះបណ្តាលជំនាញជំនាន់ទី៣ និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលនវានុវត្តន៍ និងពាណិជ្ជកម្ម ព្រមទាំងបង្កើតឲ្យមានវគ្គបណ្តុះបណ្តាល កម្រិតបរិញ្ញាបត្រមួយ ដែលសិស្សានុសិស្សចំណាយពេលវេលាខ្លីដើម្បីបញ្ចប់ ហើយក្លាយខ្លួនជាធនធានមនុស្សផ្នែកបច្ចេកវិទ្យា ដ៍មានគុណភាពសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់៕