(កណ្តាល)៖ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក និងសំណេះសំណាល ជាមួយកុមារមត្តេយ្យសហគមន៍ ស្រុកលើកដែក ដើម្បីអបអរសាទខួបទី៦៧ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន» នៅព្រឹកថ្ងៃ ទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ។

ក្នុងពិធីនេះក្រោមវត្ត លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា និងមានការចូលរួមពី មាតាបិតា និងលោកគ្រូ-អ្នកគ្រូ សរុប២១៣នាក់។ ក្នុងឱកាសនោះដែរ លោកស្រី អគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍សួរសុខទុក្ខ និង ក្តីនឹក រលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះក្មួយៗ ចៅៗ កុមារាកុមារី ទាំងអស់ ព្រមទាំង លោកគ្រូ អ្នកគ្រូ និងមាតាបិតាដែល ជាអាណាព្យា បាលផងដែរ។

លោកស្រី បានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែ គិតគូរពីក្មួយៗកុមារ បណ្តុះថ្នាលគំនិត វិនិយោគលើកុមារតូចៗ ឱ្យក្លាយជាធនធាន ដ៏សំខាន់របស់ ប្រទេសជាតិ ជាពិសេសយកចិត្តទុកដាក់ចំពោះឪពុកម្តាយរបស់ពួកគេ ធ្វើយ៉ាងណាបញ្ជូនកូនទៅសាលារៀន ដើម្បីទទួលបានចំណេះដឹង និងសម្រាប់អនាគតដ៏ភ្លឺស្វាង របស់ពួកគេ។

ជាចុងក្រោយ លោកស្រី បានផ្តាំផ្ញើចំពោះក្មួយៗកុមារ សូមយកចិត្តទុកដាក់សិក្សារៀនសូត្រ និងថែរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានស្អាតជា និច្ច ព្រមទាំងនាំមកនូវសម្ភារៈ សិក្សា នំចំណី ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ជូនដល់កុមារមត្តេយ្យសហគមន៍ មាតាបិតា លោកគ្រូ អ្នកគ្រូ ដែលអញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ។

គួររំលឹកថា ពិធីដែលកាកបាទក្រហមកម្ពុជា បានប្រារព្ធធ្វើឡើងក្នុងឱកាសនេះ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល បន្តពង្រឹងការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិកុមារ ឱ្យ កាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍របស់កុមារនៅកម្ពុជាយើង និងដើម្បីរំលឹកឡើងវិញនៅថ្ងៃដែលកុមារទទួលបានសិទ្ធិគ្រប់គ្រាន់ឡើងវិញ បន្ទាប់ពីបាន បាត់បង់ក្នុង សម័យសង្រ្គាម៕