(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់លោក កឹម សុខា ថា លោកហ៊ានដេកក្នុងគុកដោយស្ងប់ចិត្ត ឱ្យតែប្រជាពលរដ្ឋខ្មែរនៅតែតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យនោះ ត្រូវបានលោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី វាយបកទៅវិញថា ការដេកគុករបស់លោក​ កឹម សុខា គឺដោយសារការប្រមាថប្រឆាំង នឹងតុលាការសុទ្ធសាធ មិនមែនដេកគុកដើម្បីសេរីភាពលទ្ធិប្រជាធិបតេយ្យនោះឡើយ, ព្រោះករណីលោក កឹម សុខា គឺមិនមែនស្ថិតនៅក្នុងបរិបទប្រជាធិបតេយ្យនោះទេ គឺជាការបដិវត្តន៍ប្រឆាំងនឹងនីតិរដ្ឋ ដែលចាប់ផ្តើមពីរឿងអាស្រូវផ្ទាល់ខ្លួន

មន្រ្តីជាន់ខ្ពស់រូបនោះបាន​ថ្លែងទៀតថា «ការយកនយោបាយមកបិទបាំងរឿងផ្ទាល់ខ្លួន គឺជាការកំសាក និងបោកប្រាស់ប្រជាពលរដ្ឋខ្លួនឯង ពិតគួរឲ្យសោកស្តាយ ហើយក៏ជាគំរូដ៏អាក្រក់មួយដែលប្រឆាំងនឹងមហាជនដែលរួមគ្នាពង្រឹងប្រជាធិបេតយ្យ ហើយប្រជាធិបតេយ្យ គឺជាកាតព្វកិច្ចរបស់ ប្រជាពលរដ្ឋគ្រប់រូប មិនមែនសម្រាប់តែលោក កឹម សុខា ម្នាក់ឯងនោះទេ»។

លោក ផៃ ស៊ីផាន បានអះអាងទាំងស្រុងយ៉ាងដូច្នេះថា «ស្មារតីឆ្លើយតបខ្ញុំយល់ឃើញថា ជាការលើកឡើងដើម្បីយកហេតុផលប្រជាធិបតេយ្យមកការពារនៃបទល្មើសប្រឆាំង ឬបដិវត្តផ្តួលរំលំដំណើរការយុត្តិធម៌នៃអំណាចតុលាការតែប៉ុណ្ណោះ។ ចំពោះកម្ពុជា ជារួមក្នុងកិច្ចឆ្លើយតប និងបរិបថប្រជាធិបតេយ្យសេរីពហុបក្ស គឺសត្យានុម័តនៃការគោរព និងពង្រឹងកិច្ចអនុវត្តច្បាប់ជាប្រចាំ និងជាមូលដ្ឋានរបស់មហាជនគ្រប់រូបនោះទេ ដែលជាអាទិភាព ផ្ទុយស្រឡះពីការលើកឡើងរបស់ ឯកឧត្តម កឹម សុខា ដែលជាអត្តនោម័តផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ត្បិតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រទី២ នេះ បានប្រសូត្រចេញពីការតស៊ូ រាល់ជំនាន់នៃសម័យកាលនីមួយៗ រួមទាំងការចំណាយជីវិតពលរដ្ឋកម្ពុជាជាច្រើនលើសលប់ នោះមិនគិតដល់ធនធានរបស់រដ្ឋ ព្រមជាមួយនិងពេលវេលាដែលបានខាតបង់ជាច្រើនឆ្នាំកន្លងមក។ ហើយការរើបម្រាសដើម្បីជីវិត និងការកសាងប្រជាធិបតេយ្យប្រជាជនគឺ ចាប់តាំងពីថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩ មកផងដែរ។ នីតិរដ្ឋជាគ្រឹះប្រជាធិបតេយ្យ ដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ។ ចំណែកឯករណីរបស់ ឯកឧត្តម កឹម សុខា “គឺមិនមែនស្ថិតនៅក្នុងបរិបថប្រជាធិបតេយ្យនោះទេ គឺការបដិវត្តប្រឆាំងនិងនីតិរដ្ឋ និងស្ថាប័នរដ្ឋ” ដែលចាប់ផ្តើមពីរឿងអាស្រូវផ្ទាល់ខ្លួន និងសកម្មភាពប្រឆាំងតតាំងនិងដំណើរការយុត្តិធម៌ដែលមានចែងនៅក្នុងច្បាប់ ដែលជាធរមាន នៅនិងកន្លែងរួចស្រេច។ 

ការយកកិច្ចការនយោបាយមកបិទបាំងនិងរឿងអាស្រូវផ្ទាល់ខ្លួន គឺជាការកំសាក និងជាកំហុសធ្ងន់ធ្ងរក្នុងកិច្ចបោកប្រាស់ប្រជាពលរដ្ឋ បន្ថែមទៀតនោះ គឺជាការសោកស្តាយចំពោះគំរូ និងឧទាហរណ៍របស់ថ្នាក់ដឹកនាំចំពោះមហាជន ដែលគេទាំងអស់នោះរួមគ្នាយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងប្រជាធិបតេយ្យ អាស្រ័យដោយនីតិរដ្ឋ មិនមែនធ្វើបដិវត្ត ដើម្បីអំណាចផ្ទាល់ខ្លួនក្នុងកិច្ចគ្រប់គ្រងរដ្ឋនោះទេ។ ហើយជាពិសេស ការដេកគុករបស់ ឯកឧត្តម កឹម សុខា គឺជារឿងប្រមាថច្បាប់ និងតុលាការសុទ្ធសាធ គឺមិនមែនដេកគុកសម្រាប់តស៊ូ ដើម្បីប្រជាធិបតេយ្យនោះឡើយ ហើយប្រជាធិបតេយ្យ ជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋ....»។

 

ការឆ្លើយតបរបស់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលខាងលើនេះ​ ធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានអះអាងថា លោកហ៊ាន ដេកក្នុងគុកដោយស្ងប់ចិត្ត ឱ្យតែប្រជាពលរដ្ឋខ្មែរនៅតែតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោក កឹម សុខា បានអះអាងបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយគណៈកម្មាធិការប្រត្តិបត្តិ ក្រុងស្រុកទាំង១៣ នៃខេត្តព្រៃវែង នៅទីស្នាក់ការកណ្តាលរបស់គណបក្ស នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦។ នេះបើតាមការផ្សព្វផ្សាយរបស់ គេហទំព័រព័ត៌មាន របស់គណបក្សសង្រ្គោះជាតិ ចេញផ្សាយនៅរសៀលថ្ងៃនេះ។

សូមជំរាបថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ កន្លងទៅ រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គ ពិនិត្យទៅលើសំណុំរឿងរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដោយបានលើកដៃព្រមគ្នាបើកផ្លូវឲ្យតុលាការ និងសមត្ថកិច្ច អនុវត្តតាមច្បាប់ទៅលើលោក កឹម សុខា ក្នុងសំណុំរឿងដែលបានចោទប្រកាន់។

បន្ទាប់មកប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង ចេញដីកាបង្គាប់ ឲ្យចូលខ្លួន បំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦។ បើតាមដីការបស់ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ ការបង្គាប់ឲ្យ លោក កឹម សុខា ចូលខ្លួនបំភ្លឺនេះ ពីបទបដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាមបញ្ញត្តិមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទប់ស៊ើបសួរអក្ស «ក១» ជាន់ទី៥ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩៖០០នាទី ដើម្បីសាកសួរ ពីដំណើររឿង បដិសេធក្នុងការចូលខ្លួន៕