(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកការបង្ក្រាបបទល្មើសល្បែងស៉ីសង សរុប៣៦ករណី ឃាត់ខ្លួនមនុស្សចំនួន៧០នាក់ នៅតាមខណ្ឌក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រឹមរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៧-១៨ ខែកញ្ញានេះ។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបញ្ជាក់មកកាន់ Fresh News នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា «លទ្ធផលបង្ក្រាបល្បែងសុីសងខុសច្បាប់ គិតត្រឹមរយៈពេល២ថ្ងៃ ថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវផែនការ និងបានបង្កើតក្រុមការងារ ដេីម្បីធ្វើការបង្ក្រាប ការបើកលេងល្បែនស៊ីសងខុសច្បាប់ រយៈពេល២ថ្ងៃកន្លងមក ថ្ងៃទី១៧-១៨ ដោយបានធ្វេីការបង្ក្រាប៣៦ករណី ឃាត់ខ្លួន៧០នាក់»

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថា ក្នុងចំណោមនុស្សដែលឃាត់ខ្លួនបានទាំង៧០នាក់នោះ ក្នុងនោះមានស្រី៣៥នាក់, ចិន១០នាក់, កូរ៉េម្នាក់, អារ៉ាប់ម្នាក់ ហើយក្រៅពីនោះជាជនជាតិខ្មែរ។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណាមិនទទួលខុសត្រូវលើតួនាទី បណ្តោយឲ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោមិនស្ទាក់ស្ទើរក្នុងការដកចេញពីមុខតំណែងនោះឡើយ៕