(ភ្នំពេញ)៖ ក្រុមការងារផ្តល់សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» នឹងបន្តចាប់ផ្តើមដំណើរការ ផ្តល់សៀវភៅនេះឡើងវិញ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ។

ការប្រកាសពីការបន្តចែកសៀវភៅនេះឡើងវិញ បន្ទាប់ពីផ្អាកមួយពេលខ្លី ដោយសារតែសន្ទុះនៃការគាំទ្រសៀវភៅនេះ មានការកើនឡើងខ្លាំង ដែលធ្វើឲ្យការបោះពុម្ភមិនទាន់។

ក្រុមការងារចែកសៀវភៅនេះបានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីទទួលបានសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិត សូមបងប្អូនដែលបានផ្ញើសារចូលប្រអប់សារក្នុង Page: Hun Manet - C.O.Army ឬបានចុះឈ្មោះផ្ទាល់នៅទីតាំង អាចមកទទួលសៀវភៅបានចាប់ពីថ្ងៃអង្គារទី២០ ខែកញ្ញា ពីម៉ោង៩ព្រឹក ដល់៥ល្ងាច៖

* ចំពោះអ្នកនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សូមមកទទួលសៀវភៅដោយផ្ទាល់ពីទីតាំងបណ្ណាល័យ ហ៊ុន សែន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

* ចំពោះអ្នកនៅតាមបណ្តាខេត្ត ក្រុមការងារនឹងរៀបចំផ្ញើជូន តាមរយៈជនបង្គោលតាមបណ្តាខេត្ត ដោយនឹងធ្វើការទំនាក់ទំនង ទៅអ្នកស្នើសុំដើម្បីអញ្ជើញមកទទួលសៀវភៅ

* ចំពោះក្រុម ឬអង្គភាពដែលបានស្នើសុំ ក្រុមការងារនឹងធ្វើការទំនាក់ទំនងដោយផ្ទាល់ ដើម្បីអញ្ជើញមកទទួលសៀវភៅ។

បញ្ជាក់៖ ចំពោះបងប្អូនដែលបានផ្ញើសារ ចូលក្នុងប្រអប់សារហើយ មិនទាន់ទទួលបានលេខកូដ គឺអាចមកទទួលដោយផ្ទាល់នៅទីតាំង ដោយគ្រាន់តែបង្ហាញប្រអប់សារដែលបានផ្ញើចូល ដោយក្រុមការងារនឹងរៀបចំ ផ្តល់ជូនភ្លាមៗនៅទីតាំងតែម្តង។ ចំពោះបងប្អូនដែលមានកន្ទុយប័ណ្ណ តាមរយៈការចុះឈ្មោះរួចរាល់ គឺគ្រាន់តែកាន់កន្ទុយប័ណ្ណមកជួបក្រុមការងារ គឺអាចទទួលបានសៀវភៅភ្លាមៗ។

សូមជម្រាបថា បន្ទាប់ពីមានសំណូមពរជាច្រើន ពីបងប្អូនប្រជាពលរដ្ឋ ដែលចង់បានសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ទើបលោកបណ្ឌិត ហ៊ុន ម៉ាណែត រៀបចំក្រុមការងារផ្តល់ជូនសៀវភៅនេះ ដោយឥតគិតថ្លៃ៕