(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ មូលនិធិជាតិជំនួយសង្គម តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបាន និងក្រុមប្រឹក្សាភិបាល មូលនិធិជាតិជំនួយសង្គម និងដោយមានការចូលរួមពីលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត លោក អៀង ហុង ប្រធានមន្ទីរសង្គមកិច្ចខេត្ត បាននាំយកប្រាក់គោលនយោបាយរបបសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល តាមរយៈមូលនិធិជាតិជំនួយសង្គមរបស់សពលោក ឈឹម អមរា សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ទៅប្រគល់ដោយផ្ទាល់ជូនក្រុមគ្រួសារសព ដែលជាថវិកាគោលរបបចុងក្រោយរបស់និវត្តន៍ជននៅគេហដ្ឋានរបស់សពស្ថិតនៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់ ក្រោយពេលទទួលមរណៈភាពបានមួយថ្ងៃ។

ក្នុងឱកាសនេះ មូលនិធិបានសម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំបំផុតតាមរយ:សាររំលែកទុក្ខ និងដោយបានចាត់ទុកមរ ណភាពរបស់លោក គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុក ក្មេក ជីតា និងក្រុមប្រឹក្សាខេត្តជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត និងប្រកបដោយព្រហ្មវិហារធម៌ ដែលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី កសាងគ្រួសារ ចិញ្ចឹមបី បាច់ ថែរក្សា និងអប់រំទូន្មានបុត្រធីតា ចៅៗ ប្រកប ដោយគន្លងធម៌ និងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបប្រកប ដោយឆន្ទៈ មនសិការការងារ និងមានស្នាដៃក្នុងការកសាងជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា។

ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសព និវត្តន៍ជន ជាកញ្ចប់ដែលរាជរដ្ឋាភិបាល ផ្តល់ជូនក្រុមគ្រួសារ សពនិវត្តន៍ជនជាលើកចុងក្រោយ ដែលមានទំហំទឺកប្រាក់ ស្មើ១២ដង នៃប្រាក់សោធននិវត្តន៍ចុងក្រោយមុន ពេលទទួលមរណៈភាព។

ដើម្បីទទួលបានប្រាក់គោលរបបនេះ ក្រុមគ្រួសារសពត្រូវបំពេញបែបបទ និងភ្ជាប់ឯកសារដូចខាងក្រោម៖

*ទី១៖ សេចក្តីចម្លងសំបុត្រមរណៈភាព
*ទី២៖ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
*ទី៣៖ សៀវភៅធនាគារ ឬប័ណ្ណព័ត៌មាន ឬATM
*ទី៤៖ អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ។

ក្នុងករណីមានចម្ងល់ ឬសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនងមកទូរសព្ទលេខ៖ ០៧០ ៦០៧ ៧៨៣/ ០៩៥ ២៧៩ ៣៣៣/ ០៩៧ ៣១១ ៨០០០៕