(ភ្នំពេញ)៖ បុរី J&C ដែលបានរួមសហការ ជាមួយក្រុមហ៊ុនវិនិយោគជប៉ុន នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ បានរៀបចំកម្មវិធីជួបជុំអតិថិជន និងពិសារអាហារ នៅក្នុងភោគជនីយដ្ឋាន ទន្លេបាសាក់ II។

លោកស្រី កេត រ៉ាឌី អគ្គនាយិការក្រហ៊ុន J&C Real Estate Co.,Ltd. បានថ្លែងថា ការជួបជុំថ្ងៃនេះធ្វើឡើង ដើម្បីបង្ហាញឲ្យឃើញពីភាព យកចិត្តទុកដាក់សុខទុក្ខ ពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ចំពោះអតិថិជន បុរី J&C ទាំងអស់ ដោយរហូតមកដល់ពេលនេះ សាងសង់រួចរាល់ ៧០ភាគរយហើយ និងបញ្ចប់ការសាងសង់នៅរយៈពេលដ៏ខ្លីខាងមុខនេះ។

លោស្រីបានបន្ដទៀតថា បុរី J&C បានទទួលបានការអនុញ្ញាតពីអាជ្ញាធរដែនដី មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសិទ្ធិស្របច្បាប់ សាងសង់ជាផ្លូវការ និងបានចុះបញ្ជីជាបុរី នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

លោកស្រីបានបញ្ជាក់ទៀតថា ក្រុមហ៊ុនរបស់លោកស្រី មានទីតាំងស្ថិតនៅតំបន់កំពុងអភិវឌ្ឍន៏ ទីប្រជុំជន និងស្ថិតនៅខណ្ឌសែនសុខ ដែលបានផ្តល់នូវលក្ខណៈងាយ ស្រួលក្នុងការរស់នៅ។ លោកស្រីក៏បានឲ្យដឹងទៀតថា បុរីមានលំនៅដ្ឋានពីរប្រភេទ គឺប្រភេទជាផ្ទះល្វែង និងវីឡាកូនកាត់ តំលៃចាប់ពី៨៨,០០០ដុល្លា ទៅ១២០,០០០ដុល្លារ។ ដើម្បីផ្ដល់ភាពងាយស្រួល ដល់អតិថិជន ក្នុងការខ្ចីប្រាក់ ក្រុមហ៊ុនរបស់លោកស្រី បានសហការជាមួយនឹងធនាគារ២ ក្នុងការខ្ចីប្រាក់បង់រំលោះរយៈពេល១៥ឆ្នាំ ដែលមានអត្រាការប្រាក់ទាបបំផុត គឺធនាគារភ្នំពេញពាណិជ្ជ ដែលមានអត្រាការប្រាក់ពី១០-១១%ក្នុង១ឆ្នាំ និងធនាគារ Cambodia Public Bank អត្រាការប្រាក់ពី៩-១០% ក្នុង១ឆ្នាំ។

លោកស្រី កេត រ៉ាឌី បានថ្លែងទៀតថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំង ហើយវិស័យនេះក៏បានក្លាយទៅជាសសរស្តម្ភ សេដ្ឋកិច្ចជាតិ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រីបានសម្ដែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅ ចំពោះអតិថិជនដែលបានទិញផ្ទះរបស់ក្រុមហ៊ុនរស់នៅ និងសូមឲ្យរស់នៅប្រកបដោយផាសុខភាព និងសូមឲ្យអតិថិជននៅតែបន្ដគាំទ្របុរី J&C បន្ដទៀត៕