(សៀមរាប)៖ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ទទួលបានម៉ាស៉ីន CNC តម្លៃប្រមាណ៣.៥០លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ។

ជំនួយនេះបង្ហាញឡើងតាមរយៈពិធីចុះអនុស្សារណៈរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន DMG MORI ស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាងមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន DMG MORI ក្នុង CJDM ដែលបានធ្វើឡើងនៅសណ្ឋាគារ Raffles Grand Hotel d’Angkor នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។

ពិធីនេះធ្វើឡើងដោយមានការចូលរួមក្នុងអធិបតីភាពរបស់លោក អ៊ុំ រម្យនី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា លោក Hirotake Kobayashi តំណាងនាយកក្រុមហ៊ុន DMG MORI លោក Tetsuya Watanabe តំណាងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ព្រមទាំងវត្តមានភ្ញៀវកិត្តិយសខាងភាគីជប៉ុននិងកម្ពុជាផងដែរ។

លោក អ៊ុំ រម្យនី បានថ្លែងថា ការចុះអនុស្សារណៈយោគយល់គ្នានេះមានគោលបំណងបង្ហាញអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសពីរកម្ពុជានិងជប៉ុន ក្នុងវិស័យផលិតកម្មឌីជីថល ឧស្សាហកម្ម ៤.០ (IR. 4.0)។ ដោយមានជំនឿយ៉ាងមុតមាំថា IR 4.0 នឹងជួយលើកស្ទួយសេដ្ឋកិច្ចកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខនេះ ប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍មួយនៅឆ្ងាយបន្តិចពី IR 4.0 ជាពិសេសបច្ចេកវិទ្យាឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់ផលិតកម្ម។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល លោក អ៊ុំ រម្យនី បានឱ្យដឹងថា ដើម្បីអភិវឌ្ឍបន្ថែមទៀតលើវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតចេញជាគោលនយោបាយ យុទ្ធសាស្ត្រ និងកំណែទម្រង់ឧស្សាហកម្ម ឧទាហរណ៍ គោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យនៃប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកបន្តថា យុទ្ធសាស្ត្រអប់រំនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (ស្ទែម) និងការលើកកម្ពស់ការស្រាវជ្រាវ ការអភិវឌ្ឍ និងនាវានុវត្តន៍ ក្នុង IR 4.0 ក៏ជាកត្តាជំរុញដ៏សំខាន់មួយដើម្បីសម្រេចនូវចក្ខុវិស័យរបស់ប្រទេសផងដែរ។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានកិច្ចសហប្រតិបត្តិការពីក្រុមហ៊ុន DMG MORI ដែលជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាជប៉ុន-អាល្លឺម៉ង់ និងជាក្រុមហ៊ុនផលិតគ្រឿងម៉ាស៉ីន CNC បច្ចេកវិទ្យាកម្រិតខ្ពស់លំដាប់លេខ១លើពិភពលោក បានចាប់ផ្ដើមគម្រោងមួយដើម្បីបង្ហាញពី IR 4.0 ក្នុងវិស័យផលិតកម្ម ដែលបានធ្វើឡើងនៅមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក ម៉ី កល្យាណ ក៏បានបញ្ជាក់ថា មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុនបានអនុវត្តគម្រោងនេះតាមគំរូម៉ូឌែលជប៉ុនដ៏មានកេរ្តិ៍ឈ្មោះសម្រាប់នវានុវត្តន៍ (សាន់ កាន កាកគុ) ឬគំរូម៉ូឌែល Triple Helix នៃការច្នៃប្រឌិត ដែលជំរុញសហប្រតិបត្តិការត្រីភាគីរវាងសាកលវិទ្យាល័យឧស្សាហកម្ម និងរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រោះវាគាំទ្រខ្សែសង្វាក់ផលិតកម្មពេញលេញចាប់តាំងពីការធ្វើផែនការរហូតដល់ផលិតចុងក្រោយ។

លោកបន្តថា នាបច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជា ជប៉ុន និងអាល្លឺម៉ង់បាននិងកំពុងជួយមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុនយ៉ាងពេញទំហឹង។ ចំពោះវិស័យឧស្សាហកម្ម ឬផ្នែកឯកជន ក្រុមហ៊ុនធំដែលប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញចំនួនពីរ Minebea និង Denso កំពុងសហការជាមួយយើងតាមគោលនយោបាយឈ្នះឈ្នះ។

លោកបន្ថែមថា មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុននឹងពង្រីកទៅក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ចំណែកខាងសាកលវិទ្យាល័យវិញ មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុនផ្ដល់ឱកាសដល់និស្សិតកម្ពុជាទាំងអស់ដែលស្ថិតក្នុងក្រុមចង្កោម (Cluster) របស់មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន រួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានជាតិពហុបច្ចេកកម្ពុជា ដោយលោករំពឹងថានិស្សិតបញ្ចប់ការសិក្សានឹងធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាដែលសហការជាមួយមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុនបច្ចុប្បន្ននេះ និងនៅពេលអនាគត ពួកគេក៏នឹងដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រដល់ឧស្សហកម្មដទៃទៀតនៅក្នុងប្រទេស ដើម្បីផ្លាស់ប្ដូរឆ្ពោះទៅរកការផលិតស្វ័យប្រវត្តិនិងឆ្លាតវៃថ្មី ដែលនឹងធ្វើឱ្យប្រសើរឡើងនូវវិស័យកម្មន្តសាលរបស់ប្រទេស ហើយនៅទីបំផុតលើកកម្ពស់សេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។

ក្នុងសេចក្ដីប្រកាសព័ត៌មានក៏បានបន្ថែមថា ក្រោមកិច្ចសហការនេះមានវគ្គបណ្ដុះបណ្ដាលដែលត្រូវធ្វើឡើងជា៣ដំណាក់កាល រួមមាន៖

* ដំណាក់កាលទី ១
សិក្សាមូលដ្ឋានគ្រឹះនៃឧស្សាហកម្ម ៤.០ គឺស្វ័យប្រវត្តិកម្មនៃការផលិតបែបប្រពៃណី និងការអនុវត្តឧស្សាហកម្មដែលជាប្រធានបទសំខាន់នៃគម្រោងយើងនៅដំណាក់កាលដំបូង។ ក្នុងរយៈពេល៦ខែ ដែលចាប់ពីខែកុម្ភៈដល់ខែកក្កដា ឆ្នាំ២០២០ យើងបានបើកវគ្គបណ្ណុះបណ្ដាលតាមប្រព័ន្ធអ៉ិនធើណេត ដែលមានចំណងជើងថា «ផលិតកម្មឌីជីថល សម្រាប់ឧស្សាហកម្ម ៤.០» ជាការចាប់ផ្ដើមយល់ដឹងដំបូង ចំពោះបច្ចេកវិទ្យាពាក់ព័ន្ធសម្រាប់ឧស្សាហកម្ម ៤.០ ហើយដែលវគ្គបណ្ដុះបណ្ដាលនេះ បង្រៀនដោយគ្រួជនជាតិអាល្លឺម៉ង់ នៅវិទ្យាស្ថានសិក្សាឌីអឹមជី ម៉រី (DMG MORI Academy) នៅប្រទេសអាល្លឺម៉ង់។ បេក្ខជនឆ្នើមចំនួន៣៩នាក់ របស់និស្សិតសាកលវិទ្យាល័យនិងបុគ្គលិកមកពីវិស័យសាធារណៈ និងឯកជនផ្សេងៗគ្នា ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ដើម្បីបណ្ដុះបណ្ដាល។ ជាលទ្ធផលសិស្ស៣១នាក់ បានជាប់ការប្រលងបញ្ចប់នៃដំណាក់កាលទី១ ដោយទទួលបានពិន្ទុខ្ពស់គួរឲ្យកត់សម្គាល់។

*ដំណាក់កាលទី ១.៥
ដំណាក់កាលនេះ បាននិងកំពុងធ្វើឡើង នាពេលបច្ចុប្បន្ន។ បច្ចេកវិទ្យាម៉ាស៉ីននិម្មិត (Virtual Machine) ត្រូវបានបង្ហាញ ដែលនិស្សិតអាចប្រើប្រាស់សម្រាប់បង្កើតនូវម៉ូឌែល ឬពុម្ពគំរូនៃផលិតផលផ្សេង ដោយប្រើប្រាស់កុំព្យូទ័រ។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅក្នុងថ្នាក់រៀននៃមហាវិទ្យាល័យវិស្វកម្ម និងតាមប្រព័ន្ធ online ។ ដំណាក់កាលទី ១.៥ នឹងត្រូវការរយៈពេលមួយឆ្នាំដើម្បីបញ្ចប់ ហើយមានតែនិស្សិត ១៦នាក់ប៉ុណ្ណោះ ដែលនឹងត្រូវបានទទួលយកដើម្បីចូលរួមវគ្គសិក្សានេះ។ ដំណាក់កាលនេះ ត្រូវបានគាំទ្រដោយជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និង DMG MORI ហើយនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២នេះ។

*ដំណាក់កាលទី ២.០
នៅខែធ្នូ ឆ្នាំ២០២២ និស្សិតនឹងអាចប៉ះផ្ទាល់ទៅនឹងដំណើរការម៉ាស៉ីនបច្ចេកវិទ្យាខ្ពស់ជាក់ស្ដែង។ បច្ចុប្បន្ននេះ ម៉ាស៊ីន CNC កម្រិតខ្ពស់ចំនួនបី គឺ LEASERTEC 300 DED hybrid, MDG 85 mono BLOCK និង NLX2500SY ដែលកំពុងដំណើរការនាំចូល មកកាន់មជ្ឈមណ្ឌល CJDM ។

ខាងភាគីកម្ពុជាក៏បានថ្លែងអំណរគុណចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សប្បុរសរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ម៉ាស៊ីន CNC បច្ចេកវិទ្យាកម្រិតខ្ពស់ ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន និងមានតម្លៃប្រមាណ៣.៥០លានដុល្លារអាមេរិក។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា «ដូចគ្នានេះផងដែរ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ DMG MORI ដែលជាស្ថាបនិកនៃគម្រោងនេះ ដើម្បីរៀបចំកម្មវិធីសិក្សាសម្រាប់មជ្ឈមណ្ឌល CJDM ។ CJDM នឹងបើកជាផ្លូវការក្នុងពេលឆាប់ខាងមុខនេះ ហើយមជ្ឈមណ្ឌលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្ស ការស្រាវជ្រាវ ការអភិវឌ្ឍ ការច្នៃប្រឌិត និងសេវាកម្មនៅក្នុងវិស័យផលិតកម្មឌីជីថលនៅកម្ពុជា»

ដូច្នេះ អត្ថន័យនៃការចុះអនុស្សារណៈយោគយល់រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន DMG MORI គឺបង្ហាញនិងកំណត់អំពីកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងមជ្ឈមណ្ឌលផលិកកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុន DMG MORI ហើយក្រុមហ៊ុនគាំទ្រដល់មជ្ឈមណ្ឌល CJDM ដើម្បីថែទាំម៉ាស៉ីន CNC និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សម្រាប់ប្រតិបត្តិម៉ាស៉ីន CNC ដល់សាស្ត្រាចារ្យ និងវិស្វករក្នុងមជ្ឈមណ្ឌល CJDM រហូតដល់ឆ្នាំ២០២៥៕