(ឧត្តរមានជ័យ)៖ បុរសម្នាក់ត្រូវបានទឹកហូរគួចបណ្តាលឱ្យបាត់ខ្លួន ពេលដើរឆ្លងទំនប់បង្ហៀរទៅបង់ត្រី ហើយទឹកហូរខ្លាំងផងក៏ធ្វើឱ្យគាត់ហូរដោយទៅតាមទឹកតែម្ដង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៣រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចបង្ហៀរខ្ទុំ ក្នុងភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

បើតាមការរៀបរាប់របស់ស្ត្រីជាភរិយា ប្តីរបស់គាត់ដែលបាត់ខ្លួនដោយទឹកហូរគួចមានឈ្មោះ លិញ ឡែក អាយុ៥២ឆ្នាំ។

ស្ត្រីជាភរិយាបន្តថា មុនពេលកើតហេតុម៉ោងប្រហែល១រសៀល ប្តីរបស់គាត់បានស្ពាយសំណាង់ទៅបង់ត្រីនៅទំនប់បង្ហៀរខ្ទុំ លុះម៉ោងប្រហែល៣រសៀលមានគេមកប្រាប់ថា ប្តីរបស់គាត់ត្រូវទឹកហូរគួចបាត់ខ្លួនហើយ។

បន្ទាប់ពីទទួលដំណឹងដ៏រន្ធត់នេះភ្លាម ស្ត្រីជាភរិយារួមជាមួយញាតិក្នុងភូមិបាននាំគ្នាទៅកន្លែងកើតហេតុ ដើម្បីនាំគ្នាជួយរក។

មួយសន្ទុះក្រោយមក អាជ្ញាធរក្រុងនិងនគរបាលក្រុងសំរោងបានចុះមកដល់ពិនិត្យស្ថានភាពទំនប់បង្ហៀរ និងចាត់ចែងចងខ្សែដោយមិនឱ្យពលរដ្ឋដើរឆ្លងកាត់ទំនប់បង្ហៀរដែលទឹកហូរខ្លាំងនោះទៀតទេ និងបានចាត់កម្លាំងជួយរកដែរ តែរហូតមកដល់ម៉ោង៨យប់នេះ គឺពុំទាន់រកឃើញបុរសដែលត្រូវទឹកហូរគួចបាត់ខ្លួននោះទេ៕