(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផលប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ស៊ីង សាន ទីង (ហៅ ឆាងឆឹង) ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដោយបានរកឃើញជនបរទេសសរុប៤៩៥នាក់ និងកំណត់បទល្មើស៦ផ្សេងគ្នា។

បន្ទាប់ពីមានការឯកភាពក្នុងកិច្ចប្រជុំរវាងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយនាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តបានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈោ្មះ ស៊ីង សាន ទីង (ហៅឆាងឆឹង) មានចំនួន៣អគារ (អគារ A, B និង C) ដោយពិនិត្យលើស្ថានភាពទីតាំងអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ការស្នាក់នៅនិងការបម្រើការងាររបស់ជនបរទេស ព្រមទាំងស្រាវជ្រាវស៊ើបអង្កេតបទល្មើសបង្ខាំងមនុស្សដោយខុសច្បាប់ ការទារុណកម្ម និងបទល្មើសជួញដូរមនុស្ស ដោយប្រើប្រាស់កម្លាំងសរុប១៣៧រូប។ ទីតាំងឈ្មោះ ស៊ីង សាន ទីង ស្ថិតនៅដីឡូតិ៍ ក្រុម២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រតិបត្តិការបង្ក្រាបនេះទទួលបានលទ្ធផលដូចខាងក្រោម៖
ទីតាំងឈ្មោះ ស៊ីង សាន ទីង (ហៅឆាងឆឹង) មានចំនួន៣អគារ (អគារA មាន៣ជាន់, អគារB មាន២ជាន់ និងអគារC មាន៣ជាន់) មានបន្ទប់សរុប៣៣២បន្ទប់ បន្ទប់ស្នាក់នៅមានចំនួន២៦៧បន្ទប់ បន្ទប់ធ្វើការមានចំនួន៥១បន្ទប់ អាហារដ្ឋានមានចំនួន១១ហាង Mart ១ ហាងលក់ផ្លែឈើ១ ហាងអ៊ុតសក់១ និងកន្លែងលេងកម្សាន្ត១ មានជនបរទេសសរុប៤៩៥នាក់ (ស្រី៥១នាក់) មាន៤សញ្ញាតិ។

ក្នុងប្រតិបត្តិការរយៈពេល៥ថ្ងៃនេះ កម្លាំងចម្រុះដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្តបានរកឃើញនូវជនបរទេសខុសច្បាប់អន្តោប្រវេសន៍ចំនួន១៤១នាក់ ស្រី៦នាក់ មាន២សញ្ជាតិ ក្នុងនោះមានជនជាតិចិនចំនួន១៣០នាក់ (ស្រី៣នាក់) និងជនជាតិវៀតណាមចំនួន១១នាក់ (ស្រី៣នាក់) ដោយបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីកម្ពុជា។ ក្នុងនោះផងដែរមានជនបរទេសចំនួន២៦២នាក់ (ស្រី២៥នាក់) ត្រូវបានពិនិត្យឃើញថា បានបម្រើការងារដោយគ្មានបណ្ណការងារ ហើយត្រូវបានផាកពិន័យដោយជំនាញមកពីនាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួចទើបអនុញ្ញាតឱ្យស្នើសុំបណ្ណការងារពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត អង្គភាពទាំងពីរបានប្រមូលអាករចេញពីការផាកពិន័យ និងការផ្តល់បណ្ណការងារសរុបបានចំនួន១៣១,០០០,០០០រៀល និង៧៨,៨៤០ដុល្លារ។ បន្ថែមពីនេះមន្ទីរការងារបានផាកពិន័យចំពោះសហគ្រាសលើ៣ចំណុច ដូចជាគ្មានសេចក្តីប្រកាសស្តីពីបុគ្គលិក គ្មានលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស គ្មានបណ្ណការងារ ដែលសរុបជាទឹកប្រាក់បានចំនួន៦,៧២០,០០០រៀល។

សមត្ថកិច្ចជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយសមត្ថកិច្ចជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងជំនាញនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរកឃើញនិងកំណត់បានបទល្មើសចំនួន៦បទល្មើសផ្សេងគ្នា ដូចជា បទល្មើសល្បែងស៊ីសងខុសច្បាប់ បទល្មើសបង្ខាំងនិងធ្វើទារុណកម្មមនុស្សខុសច្បាប់ បទល្មើសកាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ បទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស ព្រមទាំងបើកការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ស្របតាមសំអាងនៃបទល្មើសល្បែងស៊ីសងខុសច្បាប់ និងបទល្មើសសញ្ចារកម្ម និងជួញដូរមនុស្ស។ ជនបរទេសចំនួន២៧នាក់ត្រូវបាននាំខ្លួន និងបញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត (ជនសង្ស័យ១២នាក់ ជនរងគ្រោះ៥នាក់ និងនារីបម្រើសេវាផ្លូវភេទ១០នាក់) និងបានដកហូតនូវវត្ថុតាងមួយចំនួន ដូចជា អាវុធខ្លី៤ដើម ទូរស័ព្ទដៃសរុប៨,៧៧៦គ្រឿង កុំព្យូទ័រលើតុ៨០៤គ្រឿង កុំព្យូទ័រយួរដៃ១៦គ្រឿង លិខិតឆ្លងដែន៣៦ក្បាល ឧបករណ៍ផ្ទុកទិន្នន័យ១២គ្រឿង ខ្នោះដៃ៤គូ ដំបងឆក់៨ដើម ពិលឆក់២ដើម រួមទាំងសម្ភារៈ ឯកសារ និងប្រាក់មួយចំនួន។

ដោយទទួលបានគោលការណ៍ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជំនាញពាក់ព័ន្ធ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុសម្រេចដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖

១. ធ្វើកិច្ចសន្យាអប់រំដល់ជនបរទេសដែលស្របច្បាប់ និងជនបរទេសដែលបានផាកពិន័យ រួចឱ្យចាកចេញពីទីតាំងទៅរកកន្លែងថ្មីតាមការស្ម័គ្រចិត្ត។

២. បិទអាជីវកម្មទាំងអស់ដែលស្ថិតក្នុងបរិវេណទីតាំងឈ្មោះ ស៊ីង សានទីង (ហៅឆាងឆឹង)។

៣. បិទអគារ A អគារ B និងអគារ C ដើម្បីបន្តស៊ើបអង្កេតរហូតដល់កិច្ចស៊ើបអង្កេតត្រូវបានបញ្ចប់ទាំងស្រុង។

៤. បន្តការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ស្របសំអាងនៃបទល្មើសល្បែងស៊ីសងខុសច្បាប់លើជនសង្ស័យចំនួន៤នាក់ និងក្រុមហ៊ុនចំនួន១។

៥. បន្តការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ស្របសំអាងនៃបទល្មើសជួញដូរមនុស្ស និងបទល្មើសសញ្ចារកម្ម ជនសង្ស័យចំនួន២នាក់។

៦. បន្តការស៊ើបអង្កេតលើករណីរក្សាទុកអាវុធខុសច្បាប់ និងបទល្មើសពាក់ព័ន្ធ។

៧. បន្តការស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនជនសង្ស័យចំនួន១នាក់ ដែលជាមេក្លោងក្នុងសំណុំរឿងខាងលើ។

រដ្ឋបាលខេត្តព្រះសីហនុនឹងបន្តធ្វើការត្រួតពិនិត្យរដ្ឋបាលនៅតាមបណ្តាទីតាំងអាជីវកម្មដែលសង្ស័យមិនមានច្បាប់អនុញ្ញាត ព្រមទាំងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនបរទេសដែលបានត្រួតពិនិត្យ និងមានកិច្ចសន្យាអប់រំរួចហើយ នៅតែបន្តស្វែងរកការធ្វើដោយខុសច្បាប់ និងសូមអំពាវនាវដល់អាជីវករទាំងអស់ ដែលកំពុងសម្ងំលួចលាក់ធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងឡាយណាដែលច្បាប់ហាមឃាត់៕